គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូអាស៊ីអឺរ៉ុប៖ ជំនួបទល់ EDC កីឡាករយើងគាំងទាំងចលនានិងការបញ្ជូនបាល់ តែចុងក្រោយយើងរីករាយដែលបានឈ្នះ

អាស៊ីអឺរ៉ុបយូណាយធីត ឆក់បាន៣ពិន្ទុពីកីឡដ្ឋានអគ្គីសនីកម្ពុជា ក្នុងសប្ដាហ៍ទី១៩នៃ Metfone Cambodian League 2019 ជាមួយជ័យជម្នះ២-១លើម្ចាស់ផ្ទះ តាមរយៈគ្រាប់បាល់ចុងវគ្គទី២របស់ខ្សែប្រយុទ្ធជនជាតិកូឌីវ័រ Coulibaly Abdel Kader និងការស៊ុតហ៊្វ្រីឃីកយ៉ាងស្អាតរបស់ខ្សែការពារស្លាបវ័យក្មេង កែវ រចនា ដែលទើបជាពីរបួសប្រេះឆ្អឹងជង្គង់។


ក្នុងការប្រកួតនោះ ម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា បានចាប់ផ្ដើមការប្រកួតល្អជាង គ្រប់គ្រងបាល់បានច្រើនជាង គាបសង្កត់លើអាស៊ីអឺរ៉ុប ហើយរកបានគ្រាប់បាល់នាំមុខក្នុងនាទីទី១៤ ដោយប្រធានក្រុម មួន ណារ៉ា។


តែ២០នាទីចុងក្រោយនៃការប្រកួត អាស៊ីអឺរ៉ុប លេងបានគ្រាន់បើជាងមុនវិញក្រោយលោក សុក វាសនា ផ្លាស់ប្ដូរកីឡាករជាបន្តបន្ទាប់ ហើយរកបានគ្រាប់តាមស្មើក្នុងនាទី៧១ដោយ Kader។ គ្រាប់បាល់នេះបានបង្កើនកម្លាំងចិត្តអាស៊ីអឺរ៉ុបឱ្យធ្វើការសម្រុកវិញរហូតរកបានគ្រាប់ជ័យជម្នះដោយបាល់ហ៊្វ្រីឃីករបស់ រចនា ក្នុងនាទី៨២។


បម្រែបម្រួលពីការលេងមិនបានល្អរហូតប្រែជារកបាន២ពិន្ទុវិញចុងម៉ោងដូច្នេះ ត្រូវបានលោក សុក វាសនា ពន្យល់ថា៖ «យើងដាក់សម្ពាធខ្លួនឯង ពាក់ព័ន្ធនឹងការបញ្ជូនបាល់ ការធ្វើចលនា របស់យើងគឺគាំងទាំងអស់ ស្របពេលខាង EDC គ្រប់គ្រងបាល់បានល្អមែនទែន អីចឹងវាធ្វើឱ្យខាងយើងបែកអារម្មណ៍ បញ្ជូនបាល់ក៏មិនបានល្អ ចលនាក៏មិនបានល្អ។ ជំនួបនេះ ខ្ញុំបានផ្ដល់ឱកាសដល់កីឡាករថ្មីៗមួយចំនួនចូលលេង តែពួកគេស្ទើរបទពិសោធ គួបផ្សំនឹងគុណភាពម្នាក់ៗនៅខ្សោយផង ធ្វើឱ្យពួកគេមិនទាន់បំពេញការងារក្នុងការលេងលីគនេះបានល្អ»។


លោក វាសនា បន្ថែមថា៖ «យើងនឹងព្យាយាមបន្ថែមទៀតនៅប្រកួតក្រោយៗ ព្រោះយើងត្រូវការចំណាត់ថ្នាក់មួយប្រហាក់ប្រហែលនឹងឆ្នាំមុន»។


ពេលនេះ អាស៊ីអឺរ៉ុបយូណាយធីត កំពុងឈរលេខរៀងទី៨ក្នុងតារាង Metfone Cambodian League 2019 ដោយមាន២៣ពិន្ទុ ពីការឈ្នះ៧ដង និងស្មើ២ដងក្នុងចំណោម១៩ប្រកួត។ ចំណែក អគ្គិសនីកម្ពុជា កំពុងឈរលេខរៀងទី១២ មាន១៦ពិន្ទុ៕

អត្ថបទ៖ CNCC