គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

កែវ រចនា ៖ ខ្ញុំមើលនិងរៀនទាត់ហ៊្វ្រីឃីកតាម Neymar និងបង មុន្នីឧត្ដម

អំឡុងការប្រកួត Metfone Cambodian League 2019 សប្ដាហ៍ទី១៩នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងៃសៅរ៍ទី១០ខែសីហា ក្រុមអាស៊ីអឺរ៉ុបយូណាយធីត បានយកឈ្នះម្ចាស់ផ្ទះ ដោយបាល់ហ៊្វ្រីឃីកចុងម៉ោងយ៉ាងល្អមួយគ្រាប់ ស៊ុតដោយខ្សែការពារវ័យក្មេង កែវ រចនា ក្នុងនាទី៨២។



រចនា ត្រូវបានប្ដូរចូលក្នុងវគ្គទី២ ហើយបានរ៉ាប់រងស៊ុតបាល់ហ៊្វ្រីឃីកប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមលោក សុក វាសនា។ កីឡាករកើតនៅរាជធានីភ្នំពេញវ័យ២០ឆ្នាំរូបនេះបានអវត្តមានពីទីលានប្រកួតកន្លះឆ្នាំមកហើយ ដោយសារតែរបួសប្រេះឆ្អឹងជង្គង់។ តែការត្រលប់របស់គេពេលនេះ ដ្បិតថាបានចូលលេងរយៈពេលខ្លីដោយសារកម្លាំងមិនទាន់គ្រប់ ប៉ុន្តែគេបានក្លាយជាវីរបុរសចុងម៉ោងតាមរយៈជំនាញទាត់ហ៊្វ្រីឃីករបស់គេ។



ក្រោយការប្រកួតនោះ រចនា ទម្លាយថា៖ «តាមពិតបាល់នោះ ដំបូងខ្ញុំចង់ទាត់ខាងក្រោមជាងខាងលើ តែដោយមើលឃើញបារ៉ាស់គេអត់លោត ដូច្នេះខ្ញុំក៏សម្រេចទាត់ខាងលើវិញ។ មុនពេលយារជើងទាត់ ខ្ញុំសង្ឃឹមក្នុងចិត្ត៩០ភាគរយថាបាល់នោះចូល»។



ពាក់ព័ន្ធនឹងជំនាញទាត់បាល់ហ៊្វ្រីឃីកនេះ ត្រូវបាន រចនា ប្រាប់ថា៖ «ជាទម្លាប់ក្រោយហាត់ចប់ ខ្ញុំតែងព្យាយាមហ្វឹកហាត់ទាត់ហ៊្វ្រីឃីកថែមដោយខ្លួនឯង។ ពេលខ្ញុំមកអាស៊ីអឺរ៉ុបនេះ ខ្ញុំបានការណែនាំបន្ថែមពីលោកគ្រូ សំ វ៉ាន់ដេត។ គាត់ប្រាប់ខ្ញុំឱ្យរៀនទាត់មួយថ្ងៃយ៉ាងហោច២០ជើង។ ខ្ញុំហាត់ទាត់រាល់ថ្ងៃក្រោយចប់ការហ្វឹកហាត់រួម។ ខ្ញុំរៀនទាត់តាម Neymar និងបង ប្រាក់ មុន្នីឧត្ដម។ Neymar ជំហរគាត់ទាត់ហ៊្វ្រីឃីក គាត់ឈរតែមួយជំហានមុខបាល់ប៉ុណ្ណោះ ខ្ញុំធ្វើតាមគាត់ទាំងអស់។ បងមុន្នីឧត្ដម គាត់ស្មឹងស្មាធអារម្មណ៍លើបាល់បានល្អ។



ទន្ទឹមនឹងនេះ លោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត ឱ្យដឹងដែរថា៖ «គាត់(រចនា)ទើបតែជាពីរបួស តែបាល់ set-piece ដូចហ៊្វ្រីឃីកអីហ្នឹង គាត់ធ្វើបានល្អ។ ខ្ញុំស្គាល់សមត្ថភាព set-piece របស់គាត់ព្រោះគាត់នៅជាមួយខ្ញុំយូរហើយតាំងពីនៅយុវជនព្រះខ័នរាជស្វាយរៀង។ ២ប្រកួតចុងក្រោយនេះ ខ្ញុំផ្ដល់ឱកាសដល់គាត់លេង តែបញ្ហានៅត្រង់កម្លាំងគាត់មិនទាន់គ្រប់»។



សូមបញ្ជាក់ថា រចនា បានមកចូលរួមអាស៊ីអឺរ៉ុបយូណាយធីត ក្រោយផុតកិច្ចសន្យាយុវជនជាមួយព្រះខ័នរាជស្វាយរៀង ទីដែលគេបានចូលហាត់ជាមួយតាំងពីឆ្នាំ២០១២។ ពីដំបូង គេលេងក្នុងតួនាទីការពារស្លាប តែអំឡុងពេលលោក សំ វ៉ាន់ដេត នៅជួយការងារលោក សុក វាសនា នៅអាស៊ីអឺរ៉ុប អតីតគ្រូបង្គោលព្រះខ័នរាជស្វារៀងរូបនេះបានកែគេទៅលេងបម្រើកណ្ដាលវិញ។ រចនា ថាការមកអាស៊ីអឺរ៉ុបនេះជាឱកាសមួយសម្រាប់គេបង្ហាញសមត្ថភាពក្នុងក្រុមធំ៕


អត្ថបទ៖ CNCC