គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការក្រុមភ្នំពេញក្រោនបញ្ជាក់មូលហេតុផ្ទេរខ្សែការពារខ្មែរក្រោម រៀម ស៊ឹង

សមត្ថភាព, បទពិសោធនៅក្រៅប្រទេស បូករួមកាយសម្បទាដ៏ល្អ គឺជាកត្តាសំខាន់ដែលភ្នំពេញក្រោនសម្រេចចិត្តផ្ទេរយកខ្សែការពារ រៀម ស៊ឹង ពីគិរីវង់សុខសែនជ័យមកបំពេញចំណុចខ្វះខាត។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក កែវ សុខង៉ន អ្នកចាត់ការក្រុមជើងឯកក្របខណ្ឌ Metfone Cambodian League ៦សម័យ។


អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាពន្យល់ ៖”ដោយសារយើងឃើញក្រុមមានចំណុចខ្វះខាតក្នុងក្រុមនៅតំបន់ការពារ។ អ៊ីចឹងយើងយកគាត់មក ព្រោះឃើញគាត់មានបទពិសោធច្រើននៅវៀតណាមផង, កាយសម្បទារបស់គាត់ក៏ល្អថែមទៀត, គុណភាពគាត់ក៏ល្អ អ៊ីចឹងវាត្រូវនឹងគូបដិបក្ខរបស់យើងដែលមានសុទ្ធខ្សែប្រយុទ្ធបរទេស។ ដូច្នេះយកគាត់មក វាធ្វើឲ្យការប្រកួតប្រជែងកាន់តែខ្លាំង”។
កីឡាករមានកំណើតនៅខេត្តទឹកខ្មៅខាងលើទើបវិលទៅកាន់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវ ប៉ុន្មានខែចុងក្រោយប៉ុណ្ណោះ ដើម្បីត្រៀមលីគកំពូល តែបានសម្រេចចិត្តចូលរួមជាមួយក្រុមលោក Leonardo Vitorino វិញ កាលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ។


រៀម ស៊ឹង ធ្លាប់ចំណាយពេលពីចន្លោះឆ្នាំ២០១៤ ដល់២០១៥ នៅគិរីវង់សុខសែនជ័យ មុនចូលរួមជាមួយ Dong Thap នៅក្របខណ្ឌបាល់ទាត់វៀតណាម នៅដើមឆ្នាំ២០១៦។ 
កីឡាករវ័យ២៧ឆ្នាំក៏បន្តលេងឲ្យ Hai Phong FC នៅចុងឆ្នាំដដែលនោះ រហូតដល់ឆ្នាំ២០១៨ ជាទីរូបគេរួមរស់ជាមួយ Ho Chi Minh City FC៕

អត្ថបទ៖ CNCC
រូបភាព៖ ផ្តល់អោយ