គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូបឹងកេត ៖ យើងត្រូវពង្រឹងប្រព័ន្ធការពារ និងការសហការគ្នាបន្ថែមទៀត

លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេតលើកឡើងថា ក្រុមលោកនៅមានចំណុចមួយចំនួនត្រូវកែខៃឲ្យបានកាន់តែប្រសើរ ជាពិសេសការសហការគ្នា មុនឆ្ពោះទៅរដូវកាលថ្មីនៃក្របខណ្ឌ Metfone Cambodian League 2019។ 


គ្រូបង្វឹកក្រុមជើងឯករង MCL ២០១៨ អះអាងថា គិតមកទល់ពេលនេះ សមាជិកក្នុងក្រុមយល់ចិត្តគ្នា៧០ភាគរយហើយ តែចំណុចមួយទៀតដែលត្រូវយកចិត្តដាក់ គឺតំបន់ការពារ ដែលប៉ុន្មានប្រកួតចុងក្រោយតែងតែរបូតគ្រាប់បាល់។


លោក ហៅ សុជាតិ រៀបរាប់លម្អិត ៖”និយាយទៅចំណុចខ្វះខាត គឺការសហការគ្នាលេងជាក្រុម នៅមិនទាន់រលូន១០០ភាគរយ ហើយមួយទៀត គឺតំបន់ការពាររបស់យើងក៏ត្រូវផ្ដោតសំខាន់ដែរ ព្រោះយើងតែងតែរបូតគ្រាប់បាល់នៅប៉ុន្មានប្រកួតចុងក្រោយ”។


គួរដឹងដែរថា បឹងកេត បាននាំចូលសមាជិកថ្មីច្រើនរូបត្រៀមរដូវកាលថ្មី២០១៩ ដែលនឹងចូលមកដល់នាខែមីនា ខាងមុខ ហើយភាគច្រើនជាកីឡាករវ័យក្មេង៕

អត្ថបទ៖ CNCC