គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកគាំទ្របារម្ភពីកម្រិតអ្នកចាំទីបឹងកេត លោក បែ មករា ចេញមកពន្យល់ឲ្យបានកក់ក្ដៅចិត្ត

ក្រោយមានការលើកឡើងពីក្ដីបារម្ភមួយចំនួនរបស់អ្នកគាំទ្រ ពិសេសទៅលើកម្រិតសមត្ថភាពរបស់អ្នកចាំទី សម្រាប់ប្រកួតប្រជែងក្នុងរដូវកាលថ្មី លោក បែ មករា អ្នកចាត់ការទូទៅក្លិបបានថ្លែងការអរគុណដល់អ្នកគាំទ្រ ហើយប្រាប់ឲ្យពួកគេទុកចិត្តលើអ្នកចាំទីទាំង៣ ថាអាចជួយក្រុមបានមិនចាញ់អ្នកចាំទីក្លិបដទៃ។
«ជាដំបូងខ្ញុំសូមអរគុណអ្នកគាំទ្រយើង! ជាការពិតអ្នកចាំទីយើង គីមហ៊ុយ គាត់វ័យក្មេង ប៉ុន្តែបើមើលទៅបទពិសោធវិញ គាត់ធ្លាប់ហាត់តាំងពីក្មេង ធ្លាប់ចេញទៅហាត់នៅបរទេស ហើយជាកីឡាករជម្រើសជាតិយុវជនទៀត។ ចំណែក អាឡិច និង សុម៉េត ដ្បិតគាត់មិនលេចធ្លោខ្លាំងពេក តែគាត់មានបទពិសោធយ៉ាងក្រាស់ក្រែលនៅលីគកំពូលយើង។ អញ្ចឹងខ្ញុំជឿថា កម្រិតអ្នកចាំទីយើង មិនទាបជាងក្លិបផ្សេងៗពេកទេ»។


គួររំឭកថា រដូវកាល២០១៩នេះ បឹងកេតត្រូវប្រើប្រាស់អ្នកចាំទីចំណូលថ្មីទាំងស្រុង ក្រោយការចាកចេញរបស់ ស៊ូ យ៉ាទី កាលពីពាក់កណ្ដាលរដូវកាលមុន ខណៈដំណាច់រដូវកាលនេះ អ្នកចាំទីដៃទី៣ អ៊ុ ចាន់នូ ឈប់ប្រកបអាជីពបាល់ទាត់ ស្របពេលអ្នកចាំទីដៃទី១ គឹម មករា វះកាត់របួសជង្គង់ស្ដាំ អាចសម្រាកពេញមួយរដូវកាល។
ងាកទៅអ្នកចាំទីថ្មីទាំង៣វិញ បឹងកេត បាននាំយក ហ៊ុល គីមហ៊ុយ មកចូលរួមមុនគេ ក្រោយកីឡាករវ័យក្មេងរូបនេះគ្រប់អាយុចាកចេញពីសាលាបាល់ទាត់ជាតិបាទី មុនយក លី សុម៉េត មកម្នាក់ទៀត ក្រោយវេស្ទើនភ្នំពេញប្រកាសផ្អាកដំណើរការ ហើយចុងក្រោយបង្អស់ក្លិបបានផ្ដល់កិច្ចសន្យាដល់អតីតអ្នកចាំទីភ្នំពេញក្រោន អាឡិច យូ៕


អត្ថបទ៖ CNCC