គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ហែម ស៊ីម៉ៃ៖ «ខ្ញុំទើបជាពីរបួសនាំឲ្យការលេងជាមួយក្រុម អត់សូវយល់ចិត្តគ្នា»

ក្រោយប្រកួតមិត្តភាពស្មើគ្នា ០-០ ទល់នឹងគូប្រជែងប្រចាំខេត្ត សូលទីឡូអង្គរ អ្នកចាំទីអង្គរថាយហ្គឺរ ហែម ស៊ីម៉ៃ ទទួលស្គាល់ថា ខ្លួននៅមានចំនុចត្រូវកែខៃច្រើនទៀត ពិសេសការលេងឲ្យបានស៊ីចង្វាក់គ្នាល្អជាមួយកីឡាករលើទីលាន ហើយបញ្ហាទាំងនេះក៏ដោយសារកន្លងមក រូបគេត្រូវសម្រាកព្យាបាលរបួសសរសៃពួរ។


«ខ្ញុំទើបចាប់បាន៣ប្រកួតចុងក្រោយនេះទេ ហើយ១ប្រកួតចាប់១វគ្គ ព្រោះត្រូវប្ដូរជាមួយអ្នកចាំទីផ្សេងទៀត។ បញ្ហាគឺការចេញយកបាល់ ការបញ្ជូនបាល់ ទំនាក់ទំនងគ្នាអត់បានល្អ។ ពេលខ្លះយើងត្រូវចេញយក តែដៃគូយើងអត់ដឹងទេ ហើយខ្ញុំចេញរាងយឺតជាងកាលមុនរបួស ទាំងនេះជាបញ្ហា។ បើដូចរដូវកាលមុនវិញ យើងយល់ចិត្តគ្នា យល់របៀបលេងគ្នា សឹងថាមិនបាច់ស្រែកប្រាប់ ក៏គាត់ដឹងថាយើងឡើងយកដែរ»។


បែបនេះក្ដី ម្ចាស់ហាងសម្ភារៈកីឡាថាយហ្គឺរស្ព័តខាងលើរំពឹងថា រូបគេនឹងអាចសម្របខ្លួនបានកាន់តែឆាប់ជាមួយមិត្តរួមក្រុម ដើម្បីត្រៀមខ្លួនឲ្យបានស្រេចបាច់ មុនព្រឹត្តិការណ៍ Metfone Cambodian League 2019 ចូលមកដល់ នាពាក់កណ្ដាលខែមីនាខាងមុខនេះ។


គេចាំបានថា អតីតអ្នកចាំទីជម្រើសជាតិ ហែម ស៊ីម៉ៃ បានរងរបួសសរសៃពួរ ក្នុងការប្រកួតទល់នឹងបឹងកេត នាប្រកួតសប្ដាហ៍ចុងក្រោយប្រចាំរដូវកាល២០១៨។ ក្រោយធូរស្រាល ស៊ីម៉ៃ បានចូលហ្វឹកហាត់ឡើងវិញ ហើយត្រូវរបួសជាថ្មីតាំងពីពាក់កណ្ដាលខែធ្នូឆ្នាំមុនមក៕

អត្ថបទ៖ CNCC