គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Leonardo បង្ហើបចំណុចត្រូវពង្រឹងថែមទៀតសម្រាប់ភ្នំពេញក្រោន

លោក Leonardo Vitorino គ្រូបង្គោលភ្នំពេញក្រោន បង្ហើបថា ក្រុមលោកត្រូវការពង្រឹងបន្ថែមលើការលេងពីតំបន់បម្រើទៅកាន់ប្រយុទ្ធឲ្យកាន់តែប្រសើរថែមទៀត ខណៈកត្តាកាយសម្បទាក៏ជាអ្វីដែលត្រូវយកចិត្តទុកដាក់ដូចគ្នា។


គ្រូបង្គោលជនជាតិប្រេស៊ីលរៀបរាប់ ៖ “ខ្ញុំគិតថា អ្វីដែលយើងយកចិត្តទុកដាក់នោះ គឺកត្តាកាយសម្បទា ព្រោះយើងកំពុងតែពង្រឹងវាជារៀងរាល់ថ្ងៃ។ ខ្ញុំចង់ឲ្យកូនក្រុមខ្ញុំមានលក្ខណៈប្រសើរជាងនេះ។ ជាមួយគ្នានេះដែរ ការលេងពីតំបន់បម្រើទៅកាន់ប្រយុទ្ធ ក៏ត្រូវតែប្រសើរជាងនេះទៀត ខណៈចំណុចមួយចំនួនក៏ប្រសើរខ្លះដែរហើយ។ ខ្ញុំគិតថា យើងនឹងលេងកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ”។


អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជា ក៏បង្ហាញអារម្មណ៍រីករាយពេលកូនក្រុមអាចធ្វើបានល្អ ក្នុងការប្រកួតមិត្តភាពមួយចំនួននាពេលកន្លងមកដែលមិនមានវត្តមានកីឡាករជាប់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ។


ចាប់តាំងពីចូលកាន់តំណែងជាគ្រូបង្គោលភ្នំពេញក្រោន លោក Leonardo Vitorino បាននាំចូលកីឡាករជាច្រើនមានទាំងបរទេស និងកូនខ្មែរនៅបារាំងថែមទៀតដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី២០១៩ ដែលចូលមកដល់នៅពាក់កណ្ដាលខែមីនានេះ៕

អត្ថបទ៖ CNCC
រូបភាព៖ Phnom Penh Crown FC