គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ទៀង ទីនី ចែកបទពិសោធមួយចំនួនដល់សិស្សប្អូនរួមខេត្ត ឈង់ ប៊ុនណាត

ខ្សែការពារជើងចាស់ ទៀង ទីនី បង្ហើបថា មានអារម្មណ៍រីករាយចំពោះការបង្ហាញសមត្ថភាពយ៉ាងល្អពីសំណាក់សិស្សប្អូនរួមខេត្តសៀមរាប ឈង់ ប៊ុនណាត ទាំងនៅអង្គរថាយហ្គឺរ និងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំនាពេលកន្លងមក។


ទីនី គិតថា ប្រសិនបើប៊ុនណាត ព្យាយាមសម្រួចការគិតឲ្យលឿនថែមទៀត បូករួមទាំងការហ៊ានលេង នោះសមត្ថភាពរបស់គេនឹងកាន់តែខ្លាំងក្លា។
ទីនី ពន្យល់ ៖ “គេជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ហើយខ្ញុំគិតថា ប្រសិនបើគេព្យាយាមពង្រឹងបទពិសោធបន្ថែមទៀត ដូចជាការគិតរហ័ស ហើយហ៊ានជាងមុន នោះគេនឹងកាន់តែល្អប្រសើរថែមទៀត។ នេះបើតាមអ្វីដែលខ្ញុំបានមើលឃើញ”។


សូមរំឭកថា ប៊ុនណាត លេងបាល់ដំបូងក្នុងក្រុមជម្រើសខេត្តសៀមរាប រួចចូលរួមក្រុមគិរីដងរែក មុនធ្វើតេស្តជាប់ចូល សូលទីឡូអង្គរ ក្នុងលីគទី២ឆ្នាំមុន។ ក្រោយបង្ហាញសមត្ថភាពនៅទីនោះបានល្អ ប៊ុនណាត ត្រូវបាន អង្គរថាយហ្គឺរនាំចូលមកទល់បច្ចុប្បន្ន។


នៅឆ្នាំ២០១៩នេះ កីឡាករវ័យ២១ឆ្នាំត្រូវបានកោះហៅចូលក្រុម Cambodia All Stars និងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ព្រមទាំងក្រុមធំត្រៀមប៉ះបង់ក្លាដែស ថ្ងៃសៅរ៍ ទី០៩ ខែមីនា ខាងមុខ៕

អត្ថបទ៖ CNCC