គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការបឹងកេតប្រាប់មូលហេតុជ្រើសខេត្តកែបជាទីតាំងបោះជំរំហ្វឹកហាត់មុនរដូវកាលថ្មី MCL

លោក បែ មករា អ្នកចាត់ការក្លិបបឹងកេត ប្រាប់ថា មូលហេតុជ្រើសរើសយកខេត្តកែបជាកន្លែងបោះជំរំមុនឈានជើងចូលរដូវកាលថ្មី២០១៩ Metfone Cambodian League ព្រោះយល់ថា ជាទីតាំងល្អ មានផាសុកភាព ងាយស្រួលក្នុងការប្រមូលផ្ដុំអារម្មណ៍ហ្វឹកហាត់សម្រាប់កូនក្រុម។


ការធ្វើដំណើរទៅបោះជំរំនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជានេះប្រព្រឹត្តទៅចំនួន០៤ថ្ងៃ ដោយក្រុមជើងឯក MCL ៣សម័យ បានចេញដំណើរកាលថ្ងៃចន្ទ ទី០៤ ខែមីនា និងគ្រោងវិលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា។


លោក បែ មករា រៀបរាប់ ៖ “ដូចយើងដឹងហើយថា កែបមានបរិយាកាសល្អ វា fresh សម្រាប់កីឡាកររបស់យើងក្នុងការប្រមូលអារម្មណ៍ល្អក្នុងការហ្វឹកហាត់ និងត្រៀមសម្រាប់រដូវកាលថ្មីដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ”។


គួរដឹងដែរថា ក្របខណ្ឌ Metfone Cambodian League 2019 នឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី១៦ ខែមីនា តទៅ ដោយមាន១៤ក្រុមប្រជែងដណ្ដើមជើងឯក។ ចំណែករដូវកាល២០១៨កន្លងទៅ ណាហ្គាវើលដ៍ ជាក្រុមក្រសោបបានពានរង្វាន់ ខណៈបឹងកេត ជាជើងឯករង៕

អត្ថបទ៖ CNCC
រូបភាព៖ ផ្តល់អោយ