គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ព័ត៌មានគួរដឹងមួយចំនួននៅ Metfone Cambodian League 2019

យោងតាមសន្និសីទសារព័ត៌មានស្ដីពីពិធីបើកការប្រកួតក្របខណ្ឌ Metfone Cambodian League 2019 នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា នាពហុកីឡដ្ឋានជាតិ នៅរដូវកាលថ្មីដែលនឹងចូលមកដល់ថ្ងៃសៅរ៍ ទី១៦ ខែមីនា ហើយក្នុងនោះក៏មានរឿងរ៉ាវមួយចំនួនដែលទស្សនិកជនគួរដឹងផងដែរ។


I. បន្ថែមកីឡាករបរទេសម្នាក់ទៀតនៅកៅអីបម្រុង
អំឡុងពេលប្រកួត គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅតែគោរពគោលការណ៍ ៣+១ ដដែល ដោយឡែកកីឡារបរទេសទី៥នោះអាចចុះឈ្មោះក្នុងបញ្ជីការប្រកួតដើម្បីត្រៀមផ្លាស់ប្តូរ។


II. ពេលវេលាប្រកួត
ការប្រកួតទាំងអស់មានចំនួនពីរពេល គឺចាប់ពីម៉ោង៣និង៣០នាទីរសៀល និងមួយពេលទៀតចាប់ផ្ដើមពីម៉ោង៦ល្ងាច។


III. ១៤ក្លិបចូលរួម
គួរដឹងដែរថា នៅរដូវកាល២០១៩នេះ មានចំនួន១៤ក្លិបចូលរួមប្រកួតប្រជែង ដូចជា 
១. ណាហ្គាវើលដ៍
២. បឹងកេត
៣. វិសាខា
៤. ក្រសួងការពារជាតិ
៥. ភ្នំពេញក្រោន
៦. ព្រះខ័នរាជស្វាយរៀង
៧. អាស៊ីអឺរ៉ុបយូណាយធីត
៨. អង្គរថាយហ្គឺរ
៩. អគ្គស្នងការដ្ឋាននគរបាលជាតិ
១០. សូលទីឡូអង្គរ
១១. អគ្គិសនីកម្ពុជា
១២. គិរីវង់សុខសែនជ័យ
១៣. មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី
១៤. ក្លិបកំពង់ចាម


IV. កីឡដ្ឋាន
ចំពោះកីឡដ្ឋាន គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា មិនអនុញ្ញាតឲ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិកទៀតទេ គឺតម្រូវអោយក្លិបនីមួយៗរៀបចំកីឡដ្ឋានរៀងៗខ្លួន ដោយក្លិបមួយចំនួនបានកំពុងសាងសង់កីឡដ្ឋានរបស់ខ្លួនទៅតាមស្តង់ដាដែល គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានដាក់អោយនៅក្នុងនោះក្លិបដែលមានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ប្រកួតរដូវកាលថ្មីឆ្នាំ២០១៩នេះមានដូចជា :
ក្លិបភ្នំពេញក្រោន ដែលបានប្រើកីឡដ្ឋាន R.S.N
ក្លិបព្រះខ័នរាជស្វាយរៀង ដែលបានប្រើកីឡដ្ឋាន ខេត្តស្វាយរៀង
ក្លិបក្រសួងការពារជាតិ ដែលបានប្រើកីឡដ្ឋាន ស្តាតចាស់
ក្លិបបាល់ទាត់វិសាខា ដែលបានប្រើកីឡដ្ឋាន វិសាខា
ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ដែលបានប្រើកីឡដ្ឋាន A.E.U Sport Park
ក្លិបអគ្គិសនីកម្ពុជា ដែលបានប្រើកីឡដ្ឋាន អគ្គិសនីកម្ពុជា
ក្លិបអង្គរថាយហ្គឺរ និង ក្លិបសូលទីឡូអង្គរ ដែលបានប្រើកីឡដ្ឋានខេត្តសៀមរាប
ក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំ ដែលបានប្រើកីឡដ្ឋាន សាលាបាល់ទាត់ជាតិបាទី
ក្លិបគីរីវង់សុខសែនជ័យ ដែលបានប្រើកីឡដ្ឋាន ខេត្តតាកែវ
ក្រុមបាល់ទាត់ខេត្តកំពង់ចាម ដែលបានប្រើកីឡដ្ឋាន វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនមេមត់

ដោយឡែកមានក្លិបចំនួន ៣ ដែលសង់កីឡដ្ឋានមិនទាន់រួចរាល់មានដូចជា
ក្លិបណាហ្គាវើល ត្រូវបានយកកីឡដ្ឋាន ស្តាតចាស់ ធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនបណ្តោះអាសន្ន
ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយកីឡដ្ឋាន 7NG កំពុងស្ថិតក្នុងការសាងសង់ក៏ត្រូវបានយកកីឡដ្ឋានអគ្គិសនីកម្ពុជា ធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនបណ្តោះអាសន្នក្នុងការប្រកួតជើងទី១ ក្នុងពានរង្វាន់ Metfone Cambodian league ឆ្នាំ២០១៩ និងការប្រកួតជើងទី២ ក្លិបនឹងយកកីឡដ្ឋាន 7NG ធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនវិញ
ក្លិបបឹងកេត ដែលកីឡដ្ឋានផ្ទាល់ខ្លូនកំពុងសាងសង់ និងបានរួចរាល់ក្នុងរយៈ២ខែខាងមុខ ក៏ត្រូវបានខកខានការប្រកួតក្នុងទឹកដីរបស់ខ្លួន ៣ ប្រកួតដំបូង។ ក្លិបបឹងកេត ក៏បានស្នើមក គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហើយក្លិបទាំងអស់ក៏បានយល់ព្រមការស្នើដើម្បីលើក៣ប្រកួតក្នុងទឹកដីដំបូងរបស់ខ្លួន ទៅប្រកួតជាក្រុមភ្ញៀវវិញ។


V. រូបមន្តគិតចំណាត់ថ្នាក់
ក្នុងករណីបើក្លិបណាមួយមានពិន្ទុស្មើគ្នាគឺ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា គិតទៅលើ:
1 គ្រាប់ចំណេញ 
2 គ្រាប់ស៊ុតចូល
3 Head to Head
4 តាមពិន្ទុ Fair Play
ក្លិបមានពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតវិលជុំទាំងអស់ នឹងក្លាយជាជើងឯក៕

អត្ថបទ៖ CNCC