គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

លោក ភា សុភ័ក្ត្រា ថារដូវកាលថ្មីអាចនឹងប្រើស្នៀតសំខាន់ពីរ

លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ បង្ហើបថា នៅការប្រកួតរដូវកាលថ្មី២០១៩ លោកកំពុងរៀបចំយុទ្ធសាស្ត្រចំនួនពីរដែលផ្ដោតទៅនឹងការប្រយុទ្ធខ្លាំង និងការពារ ដោយអាស្រ័យទៅលើសមត្ថភាពជាក់ស្ដែងរបស់គូប្រកួត។


គ្រូបង្វឹកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៨ លម្អិត ៖”រដូវកាលមុន យើងព្យាយាមធ្វើឲ្យក្រុមមានសុវត្ថិភាពរវាងការការពារ និងការប្រយុទ្ធ ឲ្យមានតុល្យភាពនឹងគ្នា។ ប៉ុន្តែនៅរដូវកាលនេះ យើងបានខ្សែប្រយុទ្ធល្អៗសុទ្ធតែមានបទពិសោធ អ៊ីចឹងយើងចាប់ផ្ដើមលើចំណុចផ្សេងទៀត ដោយពេលណាយើងផ្ដោតលើការប្រយុទ្ធខ្លាំងជាង និងពេលណាយើងត្រូវលេងការពារសិន។ ចឹងពេលណា យើងមើលស្ថានភាពដែលយើងអាចគ្រប់គ្រងបាល់បានច្រើន យើងនឹងអាចដាក់ប្រយុទ្ធឲ្យបានច្រើន។ តែបើយើងគិតថា ប៉ះក្រុមដែលអាចខ្លាំងជាងយើង យើងនឹងគិតដល់តុល្យភាពនៃការការពារវិញ។ យើងនឹងត្រៀមសម្រាប់កីឡាករណាដែលយើងអាចវាយបកទៅវិញ។ ចឹងយើងគិតលើពីរចំណុចនេះ”។ 


លោក ភា សុភ័ក្ត្រា បន្ថែមថា កំពុងរៀបចំក្រុមឲ្យបានកាន់តែល្អ ឲ្យកាន់តែយល់ចិត្តគ្នា ជាពិសេសកីឡាករវ័យក្មេងទើបដំឡើងពីក្រុមយុវជន មុនឈានឆ្ពោះទៅការពង្រឹងបច្ចេកទេសរៀងៗខ្លួន។ ចំណែកកីឡាករចាស់ៗ និយាយជារួម និងកីឡាករបរទេសនិយាយដោយឡែក ហាក់មិនសូវមានការលំបាកក្នុងការយល់ចិត្តគ្នាប៉ុន្មានទេ។ 
គួរដឹងដែរថា នៅរដូវកាលថ្មី២០១៩នេះ ក្រសួងការពារជាតិ ដែលបញ្ចប់នៅលំដាប់ទី៤ក្របខណ្ឌកំពូលឆ្នាំ២០១៨ បាននាំចូលកីឡាករបរទេសចំនួន៤នាក់ ដូចជា Dzarma Bata,  Ugochukwu Obi Moneke, Yanagidate និង Bisan George បន្ថែមពីលើ Mohamed Hamza ដែលមានស្រាប់៕

អត្ថបទ៖ CNCC