គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

លោក ខូវ ឆាយ បញ្ជាក់មូលហេតុប្ដូរឡូហ្គោក្លិបបាល់ទាត់ក្រសួងការពារជាតិ

ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានបង្ហាញឡូហ្គោថ្មី កាលល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ដើម្បីឲ្យប្លែកពីស្ថាប័នការងាររបស់ខ្លួន។ 
នេះបើតាមការពន្យល់ពីលោក ខូវ ឆាយ ដែលជាអគ្គលេខាធិការ។


អ្នកជំនួញដដែលឲ្យដឹងថា ក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ក្លិបក៏សម្រេចជ្រើសរើសរចនាបថថ្មីដែលមានលក្ខណៈទៅនឹងក្រសួងការពារជាតិ តែមិនយកលំនាំទាំងស្រុងដូចមុនទេ។
លោក ខូវ ឆាយ លម្អិត ៖”ដោយសារឡូហ្គោចាស់ជារបស់ក្រសួងការពារជាតិទាំងមូល ដោយយើងប្រជុំជាមួយថ្នាក់ដឹកនាំទៅ យើងសម្រេចថា ឡូហ្គោក្លិបបាល់ទាត់ គ្រាន់តែស្រដៀង តែមិនគួរយកឡូហ្គោក្រសួងការពារជាតិទាំងមូលយកមកប្រើ អ៊ីចឹងយើងសម្រេចយកឡូហ្គោតំណាងក្លិបបាល់ទាត់ក្រសួងការពារជាតិ ដែលផ្ទុយពីក្រសួងដែលទូលំទូលាយពេក”។


គួរដឹងដែរថា ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន៣លើក នៅឆ្នាំ២០១០, ២០១៦ និង២០១៨ តែមិនទាន់ឈ្នះជើងឯក MCL នៅឡើយទេគិតពីឆ្នាំ២០០៥មក។ 
ក្រុមដឹកនាំដោយគ្រូបង្គោល ភា សុភ័ក្ត្រា នៅរដូវកាល២០១៩ ទទួលបានម្ចាស់ឧបត្ថម្ភថ្មី និងបាននាំចូលកីឡាករអាហ្វ្រិកស្បែកខ្មៅជាលើកដំបូងផងដែរ៕

អត្ថបទ៖​ CNCC