គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូ ស.ស.យ.ក ស្វាយរៀង ថា មិនលាក់សមត្ថភាពទេពេលប៉ះត្បូងឃ្មុំបិទពូលពានសម្ដេចតេជោ ថ្នាក់ខេត្ត

លោក សុខ វ៉ាន់ថា គ្រូបង្គោលក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តស្វាយរៀង ប្រាប់ថា នឹងលេង១០០ភាគរយតែម្ដងពេលទទួលភ្ញៀវខេត្តត្បូងឃ្មុំនៅថ្ងៃចុងក្រោយវគ្គកពូលពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។ 
គ្រូបង្វឹកក្រុមជើងឯកស្វាយរៀងខាប់សង្កត់ធ្ងន់ថា ការបង្ហាញសមត្ថភាពអស់ពីចិត្តពីថ្លើមនេះ គឺដើម្បីឲ្យដឹងពីចំណុចខ្លាំង និងចំណុចខ្សោយក្នុងក្រុម ហើយក៏ព្យាយាមដើម្បីយកកៅអីកំពូលតារាងប្រចាំពូលផងដែរ។


លោក សុខ វ៉ាន់ថា រៀបរាប់ ៖”ក្នុងការប្រកួតនៅសល់នេះ យើងព្យាយាមលេងឲ្យអស់ពីសមត្ថភាពដើម្បីដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង។ សម្រាប់ក្រុមត្បូងឃ្មុំជាក្រុមមានកីឡាករចាស់ៗសម្បូរបទពិសោធច្រើន ខណៈយើងទើបតែចូលរួមការប្រកួតជាលើកដំបូង”។


ឆ្លងកាត់ការប្រកួត២លើក ស.ស.យ.ក ខេត្តស្វាយរៀង និងត្បូងឃ្មុំ ទទួលបានជ័យជម្នះទាំងពីរលើកដូចគ្នា។ 
ក្រុមទាំងពីរនឹងប៉ះគ្នានៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃទី០២ ខែមេសា៕

អត្ថបទ៖​ CNCC