គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ប្រធានក្លិបថាយហ្គឺរ អំពាវនាវរកអ្នកទស្សនា ៥០០០នាក់ពេលជួបបឹងកេត ដើម្បីបំបែកកំណត់ត្រា

លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានប្រកាសលើគណនីហ្វេសប៊ុករបស់ខ្លួន អញ្ជើញអ្នកនិយមបាល់ទាត់ ពិសេសប្រជាពលរដ្ឋនៅខេត្តសៀមរាប ឲ្យចូលរួមទស្សនាការប្រកួតក្នុងទឹកដីលើកដំបូងរបស់ខ្លួនតទល់បឹងកេត នាថ្ងៃអាទិត្យ ទី០៧ មេសាខាងមុខ ឲ្យបានដល់ចំនួន៥០០០នាក់ ដើម្បីបំបែកកំណត់ត្រារដូវកាលចាស់។


លោកបានសរសេរថា៖ «គម្រោងអ្នកគាំទ្រ៥០០០នាក់! ខ្ញុំចង់យកជ័យជម្នះលើបឹងកេត ក្នុងការប្រកួតលើកដំបូងរបស់យើងលើទឹកដីសៀមរាប នាថ្ងៃទី០៧ មេសាខាងមុខ ជាមួយអ្នកគាំទ្រថាយហ្គឺរ៥០០០នាក់។ តើអ្នកនឹងចូលរួមជាមួយយើងទេ? សូមមកចូលរួមទស្សនា! កុំភ្លេចថ្ងៃទី០៧ មេសា!»។


CNCC ពុំទាន់ទទួលបានព័ត៌មានលម្អិតពីកម្មវិធីទាំងមូល នាជំនួបតទល់បឹងកេត ថ្ងៃទី០៧ មេសា ពីអង្គរថាយហ្គឺរនៅឡើយទេ ប៉ុន្តែបើក្រឡេកទៅការប៉ះបឹងកេតកាលឆ្នាំទៅ ថាយហ្គឺរបានបង្កើតទាំងការលេងល្បែងកំសាន្ត ចាប់ឆ្នោតផ្សងសំណាង និងការសម្ដែងពីក្រុមក្មេងខ្មែរជាដើម។


គួររំឭកថា កាលពីរដូវកាល២០១៨កន្លងទៅ អង្គរថាយហ្គឺរបានបង្កើតកំណត់ត្រាទាក់ទាញបានអ្នកចូលរួមទស្សនាបានច្រើនជាងគេ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ពោលមានអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានខេត្តសៀមរាបប្រមាណជាង៤២០០នាក់៕

អត្ថបទ និងរូបភាព៖ CNCC