គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូកំពង់ចាម ៖ ខ្ញុំមិនអាក់អន់ស្រពន់ចិត្តទេចំពោះការចាញ់អង្គរថាយហ្គឺរ

លោក ថុល វាសនា គ្រូបង្គោលក្លិបបាល់ទាត់ខេត្តកំពង់ចាម អះអាងមិនអាក់អន់ស្រពន់ចិត្តឡើយ ទោះចាញ់អង្គរថាយហ្គឺរដល់ទៅ០ទល់នឹង១១ ក្នុងជំនួបក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី០២ កាលថ្ងៃអាទិត្យ ទី៣១ ខែមីនា ព្រោះមើលឃើញពីចំណុចខ្សោយមួយចំនួន។


បទពិសោធ និងកម្លាំង គឺជាហេតុផលដែលគ្រូបង្វឹកក្រុមទើបឡើងមកកាន់ក្របខណ្ឌ MCL រដូវកាល២០១៩ ថាមិនអាចប្រជែងនឹងក្រុមរៀមច្បងមួយនេះបាន នាំឲ្យរបូតយ៉ាងច្រើនគ្រាប់តែម្ដង។


លោក ថុល វាសនា ពន្យល់ ៖”កីឡាករកំពង់ចាម ខ្ញុំទទួលស្គាល់បទពិសោធនៅមានតិចតួចស្ដួចស្ដើង។ ប៉ុន្តែអ្វីដែលចាញ់ថ្ងៃនេះ ខ្ញុំមិនអាក់អន់ស្រពន់ចិត្តអ្វីឡើយ ព្រោះកម្លាំងយើងមិនគ្រប់គ្រាន់នៅឡើយ តែខាងក្រុមគេ គេមានកម្លាំងគ្រប់គ្រាន់ជាង។ កីឡាកររបស់ខ្ញុំនៅក្មេងខ្ចី អ៊ីចឹងបទពិសោធ និងបច្ចេកទេសមួយចំនួននៅខ្វះខាត ដូច្នេះយើងនឹងព្យាយាមពង្រឹងបន្ថែមទៀតដើម្បីធ្វើឲ្យបានល្អនៅប្រកួតក្រោយៗ”។


គួរដឹងដែរថា នេះជាបរាជ័យលើកដំបូង បន្ទាប់ពីក្លិបបាល់ទាត់ខេត្តកំពង់ចាម បានបើកឆាក Metfone Cambodian League 2019 ដោយឈ្នះអគ្គិសនីកម្ពុជា ០ទល់នឹង១។ 


លោក ថុល វាសនា រំពឹងថា ការប្រកួតក្រោយៗទៀត ក្រុមរបស់លោកនឹងអាចធ្វើបានល្អជាងនេះ៕

អត្ថបទ៖​ CNCC