គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ហុក សុជីវ័ន ៖ មិនថាកីឡាករក្មេងឬចាស់ទេ បើប្រឹងប្រែង នឹងមានឱកាសលេង

លោក ហុក សុជីវ័ន គ្រូបង្គោលក្លិបបាល់ទាត់វិសាខា អះអាងថា ក្រុមរបស់លោកផ្ដល់ឱកាសដល់កីឡាករគ្រប់ៗរូប មិនថា ក្មេងឬចាស់ ឲ្យតែប្រកាន់ខ្ជាប់នូវការខិតខំប្រឹងប្រែង និងអាចបង្ហាញសមត្ថភាពបានល្អ មានភាពស៊ីចង្វាក់នៅពេលហ្វឹកហាត់ម្ដងៗ។


ជាមួយគ្នានេះ គ្រូបង្វឹកក្រុមលេខ៣ក្របខណ្ឌ Metfone Cambodian League បញ្ជាក់ថា បានព្យាយាមដាក់កីឡាករវ័យក្មេងមួយចំនួនលើទីលានក្នុងការប្រកួតផ្លូវការ ហើយពួកគេក៏អាចធ្វើបានយ៉ាងល្អទៅតាមគម្រោង។


លោក ហុក សុជីវ័ន ពន្យល់ ៖”និយាយទៅមកដល់ពេលនេះយើងអត់មានចោទថា កីឡាករវ័យក្មេងមកពីខាងណា ឬកីឡាករចាស់ទេ អ្វីសំខាន់គឺការប្រឹងប្រែងនៅលើទីលាន។ បើគាត់យល់ពីការលេងរបស់យើង មានភាពស៊ីចង្វាក់គ្នា គាត់បង្ហាញបានល្អ ចឹងគាត់អាចមានឱកាសចូលលេង។ ជាក់ស្ដែង នៅប្រកួតទី២ យើងបានដាក់កីឡាករវ័យក្មេងចូលលេង ហើយពួកគាត់ធ្វើបានល្អតាមគម្រោង”។


នៅរដូវកាល២០១៩ វិសាខា បាននាំចូលកីឡាករវ័យក្មេងយ៉ាងច្រើន ដែលមានពីភ្នំពេញក្រោន និងយុវជនសាលាបាល់ទាត់ជាតិបាទី។


ដោយឡែក នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា វិសាខា ត្រូវជួបជាមួយម្ចាស់ផ្ទះភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN វេលាម៉ោង៦ល្ងាច សម្រាប់ជំនួបសប្ដាហ៍ទី០៣ នៃក្របខណ្ឌ Metfone Cambodian League 2019៕

អត្ថបទ៖ CNCC