គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

បឹងកេត ជាក្រុមលីគកំពូលទី១ ធ្វើដំណើរតាមយន្តហោះទៅប្រកួតក្រៅទឹកដីនៅ MCL

បឹងកេតបានក្លាយជាក្លិបបាល់ទាត់ក្នុងលីគកំពូលកម្ពុជាដំបូងគេបង្អស់ ដែលបានធ្វើដំណើរតាមផ្លូវអាកាសទៅប្រកួតនៅក្រៅទឹកដី ក្នុងក្របខណ្ឌ Metfone Cambodian League ។ 


ការធ្វើដំណើរពីភ្នំពេញ-សៀមរាប តាមជើងហោះហើររបស់ក្រុមហ៊ុន Cambodia Airways ដែលជាម្ចាស់ឧបត្ថម្ភធំរបស់បឹងកេត ត្រូវបានលោក បែ មករា ពន្យល់ថា បានផ្ដល់ផលចំណេញ២ធំៗ។
«នេះពុំមែនជាការឧបត្ថម្ភរបស់ Cambodia Airways ទេ ព្រោះយើងមានកញ្ចប់ថវិកាឧបត្ថម្ភធំរួចហើយ ប៉ុន្តែជាការផ្ដល់អត្ថប្រយោជន៍ឲ្យគ្នារវាងក្លិប និង Sponsor មានន័យថា Sponsor ជួយឧបត្ថម្ភយើង យើងជួយប្រើប្រាស់សេវាកម្មរបស់ Sponsor វិញ។ មួយវិញទៀត ជិះយន្តហោះចំណេញពេលច្រើន ចំណេញកម្លាំងកីឡាករយើង អញ្ចឹងគាត់មានស្មារតីគ្រប់គ្រាន់ ដើម្បីផ្ដោតលើការប្រកួតមួយមុខ»។


អ្នកចាត់ការខាងលើបន្ថែមថា ធ្វើដំណើរតាមរថយន្តចំណាយពេលច្រើនម៉ោង ហេតុនេះកីឡាករក៏អស់កម្លាំងទៅតាមនោះដែរ ដែលនាំឲ្យក្លិបត្រូវបញ្ជូនកីឡាករទៅមុនការប្រកួតដល់ទៅ២ថ្ងៃ ដូច្នេះចំណាយលើការស្នាក់នៅ ហូបចុកក៏អស់ច្រើនដូចគ្នា ទើបក្លិបសម្រេចជិះយន្តហោះតែម្ដង។
បឹងកេតបានធ្វើដំណើរដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៦ មេសានេះ ដើម្បីត្រៀមជួបម្ចាស់ផ្ទះអង្គរថាយហ្គឺរ នាថ្ងៃទី០៧ មេសាខាងមុខ នៅទីលានកីឡដ្ឋានខេត្តសៀមរាប ដែលការប្រកួតចាប់ផ្ដើមពីម៉ោង៣:៣០នាទី មានផ្សាយផ្ទាល់លើ YouTube គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ៕

អត្ថបទ៖ CNCC