គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូអាស៊ីអឺរ៉ុបបញ្ជាក់មូលហេតុធ្វើមិនបានល្អនៅ MCL ពីរប្រកួតដំបូង

កង្វះសមត្ថភាពពីសំណាក់កីឡាករក្នុងស្រុកមួយចំនួន បូករួមនឹងភាពស្ទើរនូវបច្ចេកទេសលេង set-pieces គឺជាដើមចមចម្បងដែលលោក សុក វាសនា គ្រូបង្គោលក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត មើលឃើញថា នាំឲ្យពិបាកប្រជែងនឹងក្រុមដទៃ និងរងបរាជ័យពីរប្រកួតដំបូង។ 


គ្រូបង្វឹកក្រុមតំណាងសាកលវិទ្យាល័យដដែលប្រាប់ថា ត្រូវបង្ខំចិត្តប្រើកីឡាករក្មេងៗ ខណៈអ្នកលេងសម្បូរបទពិសោធមួយចំនួនមានបញ្ហារបួស ដូច្នេះធ្វើឲ្យលទ្ធផលក៏មិនសូវសមប្រកប។


លោក សុក វាសនា ពន្យល់ ៖”ពីរប្រកួតកន្លងមក យើងចាញ់គេដោយសារគុណភាពម្នាក់ៗ ពាក់ព័ន្ធនឹងកីឡាករខ្មែរនៅមានកម្រិត ហើយការរៀបចំ set-pieces ក៏នៅមានបញ្ហា អ៊ីចឹងយើងត្រូវកែសម្រួលបន្ថែម ព្រោះពេលគេស៊ីយើង ដោយ set-pieces ទាំងអស់។ ចំពោះប្រព័ន្ធការពារ និងបម្រើ គឺយើងនៅស្ទើរបម្រើច្រើន ព្រោះកីឡាករខ្មែរៗយើងនៅខ្វះបទពិសោធច្រើន មានក្មេងៗ។ សម្រាប់ប្រព័ន្ធការពារ គឺយើងធ្វើល្អច្រើន តែប្រព័ន្ធប្រយុទ្ធនៅខ្វះ ព្រោះកីឡាករល្អៗយើងរបួស ដូចម៉ាត់ ហូសាន់ អាចសម្រាក១ខែទៅ២ខែ ហើយសង្ឃឹមថា Ajayi អាចជួយយើងបានអាទិត្យហ្នឹងវិញ”។


ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានផ្លាស់ប្ដូរសមាសភាពស្ទើរតែទាំងស្រុងបើប្រៀបធៀបទៅនឹងរដូវកាលមុន។ ជាក់ស្ដែង កីឡាករបរទេរសថ្មី៤រូបត្រូវនាំចូលជំនួសអ្នកដែលបានចាកចេញ ខណៈកូនក្រុមក្នុងស្រុកភាគច្រើននៅវ័យក្មេង។


គួរដឹងដែរថា ពីរប្រកួតកន្លងមកនៅ Meftone Cambodina League អាស៊ីអឺរ៉ុបយូណាយធីត ចាញ់ណាហ្គាវើលដ៍ ០ទល់នឹង១ និងចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់នឹង២៕

អត្ថបទ៖ CNCC