គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូសូលទីឡូ៖ «សប្ដាហ៍មុនយើងធ្វើពុំបានល្អតាមផែនការ តែសប្ដាហ៍នេះរំពឹងប្រសើរជាងមុន»

គ្រូបង្វឹកសូលទីឡូអង្គរ Darren Pomroy បានលើកឡើងថា លទ្ធផលបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ពុំផ្ដល់ភាពរីករាយឲ្យលោកនោះឡើយ ដ្បិតកូនក្រុមពុំទាន់ធ្វើបានតាមអ្វីដែលលោក និងគ្រូបង្គោល Kento បានរៀបចំតាំងពីពេលហ្វឹកហាត់ត្រៀមសម្រាប់ប្រកួតនេះ។


គ្រូកាន់អាជ្ញាបណ្ណបង្វឹក UEFA កម្រិត A បង្ហាញក្ដីរំពឹងថា កូនក្រុមនឹងធ្វើបានប្រសើរជាងនេះ ពេលប្រកួតទល់អាស៊ីអឺរ៉ុបចុងសប្ដាហ៍នេះ។
«យើងធ្វើអត់បានល្អទេ ពេលប៉ះស្វាយរៀងកាលសប្ដាហ៍ទី២។ ពួកយើងធ្វើបានប្រសើរ និងយល់ពីយុទ្ធសាស្ត្រក្នុងពេលហ្វឹកហាត់ ប៉ុន្តែការបង្ហាញលើទីលានហាក់ផ្ទុយទៅវិញ។ ខ្ញុំបានរៀបចំកែសម្រួលចំនុចអវិជ្ជមានទាំងនោះជាមួយ Kento ហើយសង្ឃឹមថា ពេលជួប AEU ចុងសប្ដាហ៍នេះ ពួកយើងនឹងរកបានលទ្ធផលគាប់ចិត្ត ពីការលេងប្រកបដោយភាពច្នៃប្រឌិត និងដោះបញ្ហាលើទីលានបានរហ័ស»។


គ្រូជនជាតិអង់គ្លេសដដែលបន្ថែមថា លោកបានពង្រឹងលើការហ្វឹកហាត់កាយសម្បទាផងដែរ ដ្បិតជំនួបតទល់ព្រះខ័នរាជកន្លងទៅ នៅ២០នាទីចុងក្រោយ កីឡាករខ្លួនហាក់បង្ហាញការធ្លាក់ចុះកម្លាំង និងគុណភាពសាច់ដុះ ពីការប៉ះទង្គិចខ្លាំងៗជាមួយគូប្រកួត។


គួរជម្រាបថា សូលទីឡូនឹងត្រូវធ្វើដំណើរជាង៣០០គីឡូម៉ែត្រ ទៅជួបម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីត នាកីឡដ្ឋាន AEU Sports Park ថ្ងៃសៅរ៍ ទី០៦ មេសា ចាប់ពីម៉ោង១៥:៣០តទៅ ដែលមានផ្សាយផ្ទាល់លើ BTV ៕

អត្ថបទ៖ CNCC