គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ជួបកំពង់ចាម គ្រូការពារជាតិថាបានពង្រឹងស្មារតី ច្រើនជាងបច្ចេកទេស

គ្រូបង្វឹកក្រសួងការពារជាតិ លោក ភា សុភក្ត្រា ឲ្យដឹងថា លោកបានពង្រឹងលើផ្នែកស្មារតីរបស់កីឡាករ ច្រើនជាងគុណភាពបច្ចេកទេសទៅទៀត សម្រាប់ជំនួប Metfone Cambodian League 2019 សប្ដាហ៍ទី៣ ទល់ក្រុមភ្ញៀវខេត្តកំពង់ចាម។


«និយាយទៅប្រកួតនេះ ខ្ញុំផ្ដោតបំពាក់បំប៉នស្មារតីកីឡាករឲ្យមូលលើការប្រកួត ស្ទើរតែអាចថាខ្លាំងជាងពេលប៉ះក្រុមធំៗទៀត ព្រោះយើងធ្លាប់មានបទពិសោធរួចហើយ។ រដូវកាលមុន យើងភ្លាត់ស្មើវេស្ទើននៅជើងទី២ ទាំងដែលជើងទី១យើងយកឈ្នះដល់ទៅ ៨-០។ យើងបារម្ភកីឡាករទម្លាក់ការប្រឹងប្រែង ហេតុនេះត្រូវក្រើនរំឭកឲ្យពួកគាត់ប្រមូលអារម្មណ៍លេងអស់ពីសមត្ថភាពពេញ៩០នាទី»។


គ្រូកាន់អាជ្ញាបណ្ណបង្វឹកកម្រិត A ទ្វីបអាស៊ីដដែលអះអាងថា ក្រៅពីផ្នែកចិត្តសាស្ត្រលោកក៏បានបង្វឹកគុណភាពកីឡាករ ចំពោះការដាក់សម្ពាធលើគូប្រកួត ដ្បិតមើលឃើញថាក្រុមខ្លួនមានប្រៀបលើកការដណ្ដើម និងគ្រប់គ្រងបាល់ដល់ទៅ៨០ភាគរយ ដែលនឹងផ្ដល់ឱកាសឲ្យក្រុមរកគ្រាប់បាល់បានច្រើន។


គួរជម្រាបថា ក្រសួងការពារជាតិ នឹងត្រូវទទួលភ្ញៀវខេត្តកំពង់ចាម លើវាលស្មៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ នាម៉ោង១៨:០០ ថ្ងៃសៅរ៍ ទី០៦ មេសានេះ ដែលមានផ្សាយផ្ទាល់លើ BTV ៕

អត្ថបទ៖ CNCC