គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ហ៊ុល គឹមហ៊ុយ ៖ អ្នកគាំទ្រថាយហ្គឺរច្រើន តែខ្ញុំគ្មានសម្ពាធទេ និងធ្វើឲ្យខ្ញុំកាន់តែមានទឹកចិត្ត

អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់ក្លិបបឹងកេត ប្រាប់ថា វត្តមានដ៏ច្រើនពីសំណាក់អ្នកគាំទ្រម្ចាស់ផ្ទះអង្គរថាយហ្គឺរនឹងមិនបង្កសម្ពាធដល់រូបគេទេ ពេលប៉ះគ្នាក្នុងជំនួបក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី០៣ នៅថ្ងៃអទិត្យ ទី០៧ ខែមេសា វេលាម៉ោង៣និង៣០នាទីរសៀល នាកីឡដ្ឋានខេត្តសៀមរាប។


អតីតសមាជិកយុវជនសាលាបាល់ទាត់ជាតិបាទីវត្តមានយ៉ាងផុលផុសនេះទោះបីជារបស់ភាគីម្ចាស់ផ្ទះក៏ដោយ តែយល់ថា អាចធ្វើឲ្យរូបគេកាន់តែមានកម្លាំងចិត្តទៅវិញ។


កីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំពន្យល់ ៖”អត់អីទេបង fans មិនសូវជាផ្ដល់សម្ពាធអីប៉ុន្មាន តែ fans មកច្រើនបែបនេះនឹងធ្វើឲ្យយើងកាន់តែខំប្រឹងប្រែងថែមទៀត។ ហើយខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តដែលបានមកកាន់ទឹកដីមួយពេញដោយអ្នកស្នេហាវិស័យកីឡា និងប្រកួតជាមួយក្រុមដ៏ខ្លាំងប្រចាំខេត្ត”។


លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានប្រកាសលើគណនីហ្វេសប៊ុករបស់ខ្លួន អញ្ជើញអ្នកនិយមបាល់ទាត់ ពិសេសប្រជាពលរដ្ឋនៅខេត្តសៀមរាប ឲ្យចូលរួមទស្សនាការប្រកួតក្នុងទឹកដីលើកដំបូងរបស់ខ្លួនតទល់បឹងកេត នាថ្ងៃអាទិត្យ ទី០៧ មេសាខាងមុខ ឲ្យបានដល់ចំនួន៥០០០នាក់ ដើម្បីបំបែកកំណត់ត្រារដូវកាលចាស់។
ឆ្លងកាត់ការប្រកួត៣លើក អង្គរថាយហ្គឺរ មាន៤ពិន្ទុ ពីលើបឹងកេតមួយពិន្ទុ៕

អត្ថបទ៖ CNCC