គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

លោក ប្រាក់ សុវណ្ណារ៉ា សរសើរអតីតជំនួយការ មាស ចាន់ណា មុនជួបគ្នាល្ងាចថ្ងៃអាទិត្យនេះ

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកសរសើរអតីតជំនួយការរបស់ខ្លួន គ្រូបង្វឹកណាហ្គាវើលដ៍ លោក មាស ចាន់ណា ថាបានចូលរួមចំណែកអភិវឌ្ឍន៍ធនធានកីឡាករកម្ពុជា តាមរយៈការដាក់កីឡាករវ័យក្មេងឲ្យលេងក្នុងការប្រកួត Metfone Cambodian League 2019 ។


«មួយរយៈនេះខ្ញុំសង្កេតឃើញថា គ្រូចាន់ណាបានផ្ដល់ឱកាសដល់កីឡាករវ័យក្មេងច្រើន ឲ្យចូលលេងក្នុងការប្រកួតលីគ ដែលមានការប្រកួតប្រជែងក្នុងកម្រិតខ្ពស់មួយ។ ខ្ញុំយល់ថា នេះជាការជួយចំណែកដល់ការអភិវឌ្ឍធនធានកីឡាករវ័យក្មេងរបស់យើង ឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ។ ចំណុចនេះគួរឲ្យគោរពណាស់»។


ពាក់ព័ន្ធការប្រកួតនាយប់នេះវិញ អតីតគ្រូបង្វឹកបឹងកេតទទួលស្គាល់ថា វានឹងក្លាយជាការប្រកួតមួយដ៏តឹងតែង ព្រោះណាហ្គាវើលដ៍សម្បូរទៅដោយកីឡាករមានបទពិសោធ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លោកថា ជំនួបនេះនឹងល្អមើលជាក់ជាពុំខាន។


គួរដឹងដែរថា អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវទៅជួប ណាហ្គាវើលដ៍ ដែលយកកីឡដ្ឋានកងយោធពលខេមរភូមិន្ទជាទឹកដីរបស់ខ្លួន នៅម៉ោង១៨:០០ ដោយការប្រកួតនឹងមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក Kampuchea Thmey Daily ៕


អត្ថបទ៖ CNCC