គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Conor Nestor ៖ ពានគ្រូល្អប្រចាំខែមិនមែនសម្រាប់ខ្ញុំម្នាក់ទេ តែជារបស់ព្រះខ័នរាជស្វាយរៀងទាំងមូល

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងអះអាងថា ពានរង្វាន់គ្រូល្អប្រចាំខែនៃក្របខណ្ឌ Metfone Cambodian League មិនមែនជាសមិទ្ធផលខ្លួនតែម្នាក់ឯងឡើយ តែក៏ជាស្នាដៃរបស់ក្រុមការងារ និងកីឡាករទាំងអស់ដែរ។


បុរសជនជាតិអៀរឡង់សង្កត់ធ្ងន់ថា គ្រូបង្វឹកតែម្នាក់ឯងមិនអាចរ៉ាប់រងការងារទាំងអស់ទេ ដូច្នេះ ការឈ្នះពាននេះគឺបានមកពីចំណែកសមាជិកគ្រប់ៗគ្នារបស់ព្រះខ័នរាជស្វាយរៀង។


លោក Conor Nestor លម្អិត ៖”ខ្ញុំពិតជារីករាយមែនទែនចំពោះការផ្ដល់នូវកិត្តិយសនេះ តែយ៉ាងណាក៏ដោយ ខ្ញុំយល់ថា មិនមែនតែគ្រូបង្វឹកម្នាក់ឯងទេដែលជួយឲ្យឈ្នះការប្រកួត តែកីឡាករទេដែលជាអ្នកបញ្ចេញស្នាដៃ។ ដូច្នេះ សមិទ្ធផលនេះគឺជារបស់ពួកគេ មិនមែនសម្រាប់ខ្ញុំទេ”។


គួរដឹងដែរថា លោក Conor ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំខែមីនា រដូវកាល២០១៩ ក្រោយដឹកនាំព្រះខ័នរាជស្វាយរៀងឈ្នះពីរប្រកួតដំបូងនៃ Metfone Cambodina League លើអគ្គស្នងការដ្ឋាននគរបាលជាតិ និងសូលទីឡូអង្គរ ហើយថែមទាំងមិនរបូតគ្រាប់បាល់ទៀត។ 
ចំណែកកាលថ្ងៃអាទិត្យ ទី០៧ មេសា ព្រះខ័នរាជស្វាយរៀង បានបន្តឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ០ទល់នឹង២។
នេះក៏ជាលើកទី១ដែលគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បង្កើតពានរង្វាន់នេះឡើង៕

អត្ថបទ៖ CNCC