គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Akihiro Kato នៅតែចិញ្ចឹមចិត្តរកអ្នកទស្សនាឲ្យបាន៥ពាន់នាក់ឲ្យបាននៅកីឡដ្ឋានខេត្តសៀមរាប

បំណងប្រាថ្នាស្រូបទាញអ្នកចូលរួមទស្សនាផ្ទាល់ឲ្យបាន៥០០០នាក់ ក្នុងការប្រកួតរវាងអង្គរថាយហ្គឺរ និងបឹងកេត កាលពីថ្ងៃអាទិត្យកន្លងទៅ របស់ប្រធានក្លិប Akihiro kato ពុំបានសម្រេចនោះឡើយ ដ្បិតមានអ្នកទស្សនាត្រឹម៣០៩០នាក់ប៉ុណ្ណោះ។


បែបណាក្ដី បុរសជនជាតិជប៉ុនរូបនេះនៅតែមានសុទិដ្ឋិនិយមចំពោះការចូលរួមរបស់អ្នកគាំទ្រ ហើយអះអាងថា នឹងបង្កើតកំណត់ត្រាមួយនេះឲ្យបាន ក្នុងរដូវកាល២០១៩នេះ។


«ថ្ងៃនេះមានអ្នកគាំទ្រតែជាង៣០០០នាក់ទេ គឺពុំគ្រប់តាមគោលដៅយើងចង់បាន ប៉ុន្តែខ្ញុំពិតជារីករាយចំពោះវត្តមានរបស់ពួកគាត់ ព្រោះអាកាសធាតុខែនេះក្ដៅខ្លាំង ម្យ៉ាងតាមសាលារៀនមួយចំនួនមានកម្មវិធីសង្ក្រាន្តរបស់គេទៀតផង។ ខ្ញុំនៅតែប្រាប់ខ្លួនឯងថា នឹងបង្កើតកំណត់ត្រានេះឲ្យបាននៅលើទឹកដីខេត្តសៀមរាប នៅក្នុងប្រកួតណាមួយនៃព្រឹត្តិការណ៍ Metfone Cambodian League ឆ្នាំ២០១៩នេះ»។


លោក Aki បានពន្យល់បន្ថែមថា ការរៀបចំការប្រកួតធំៗ ដែលមានទាំងការអញ្ជើញតារាចម្រៀងល្បីៗមកសម្ដែងផងនោះ បានធ្វើឲ្យក្លិបត្រូវចំណាយធនធានច្រើន ប៉ុន្តែលោកអះអាងថា រីករាយក្នុងការធ្វើវា ដើម្បីបង្កើតកំណត់ត្រាឲ្យក្លិប ពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល។


គួរឲ្យដឹងថា ក្នុងជំនួបស្មើគ្នា ១-១ រវាងអង្គរថាយហ្កឺរ និងបឹងកេត គណៈកម្មការប្រកួតបានបង្ហាញថា ស្ថិតិអ្នកចូលរួមទស្សនាផ្ទាល់មានចំនួន៣០៩០នាក់។ បើទោះពុំអាចបង្កើតកំណត់ត្រាថ្មី លើកំណត់ត្រាឆ្នាំ២០១៨ ដែលមានអ្នកចូលរួមដល់ទៅ៤៤០០នាក់ ប៉ុន្តែនេះជាស្ថិតិមួយខ្ពស់បើធៀបនិងប្រកួតផ្សេងទៀតក្នុងលីគកំពូលកម្ពុជា។

អត្ថបទ៖ CNCC