គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Oriol៖ យើងដាក់គម្រោងទប់ស្មើវគ្គទី១ ហើយយកឈ្នះវគ្គទី២ តែភ្លាត់ឲ្យបឹងកេតទាត់ចូល

លទ្ធផលស្មើគ្នា ១-១ ទល់បឹងកេត ពុំបានធ្វើឲ្យគ្រូបង្វឹកអង្គរថាយហ្គឺរ Oriol Mohedano រីករាយនោះឡើយ ដោយលោកបានលើកឡើងថា លទ្ធផលខុសពីផែនការរបស់លោក ពិសេសការរបូតគ្រាប់បាល់នៅវគ្គទី១ ដែលទាត់ចូលទីដោយ Gbenga Samuel ។


«ខ្ញុំអាចប្រាប់បានថា ក្នុងប្រកួតនេះខ្ញុំបានដាក់ផែនការយកលទ្ធផលស្មើនៅតង់ទី១ ហើយនៅតង់ទី២យើងនឹងប្រយុទ្ធសន្ធាប់លើគូប្រជែង ដើម្បីរកគ្រាប់បាល់ឈានទៅយកជ័យជម្នះ។ ជាលទ្ធផលយើងពិតជាធ្វើបាននៅវគ្គទី២ ប៉ុន្តែគ្រាប់បាល់របស់ Gbenga នៅវគ្គទី១ ធ្វើឲ្យយើងបានត្រឹម១ពិន្ទុ។ ខ្ញុំពិតជាសោកស្ដាយសម្រាប់ការរបូតគ្រាប់បាល់ ដែលធ្វើឲ្យខូចផែនការយកឈ្នះរបស់យើង»។


គ្រូជនជាតិអេស្ប៉ាញដដែលបន្ថែមថា កូនក្រុមលោកពិតជាធ្វើបានល្អ សម្រាប់ការលេងតទល់ភ្ញៀវបឹងកេត បើទោះវាជាការប្រកួតដ៏លំបាកមួយ ក៏កីឡាករខ្លួនអាចបង្កភាពគ្រោះថ្នាក់ច្រើនដល់សំណាញ់ទីគូប្រជែង ប៉ុន្តែហាក់ខ្វះសំណាងបន្តិច។


គួរដឹងដែរថា ក្រោយបញ្ចប់ Metfone Cambodian League 2019 សប្ដាហ៍ទី៣ អង្គរថាយហ្គឺរ ពុំទាន់ស្គាល់ចាញ់នៅឡើយ ពោលឈរលេខ៦ក្នុងតារាងចំណាត់ថ្នាក់ដោយកាន់៥ពិន្ទុ ពីការឈ្នះ១ ស្មើ២ ទាត់ចូលទីគូប្រកួត១៣គ្រាប់ របូតវិញ២គ្រាប់ប៉ុណ្ណោះ៕

អត្ថបទ៖ CNCC