គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូណាហ្គាបង្ហើបគន្លឹះសំខាន់នាំឲ្យឈ្នះប៉ូលិស

ការរៀបក្បួនយុទ្ធសាស្ត្របិទកីឡាករសំខាន់ ជាពិសេសបរទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺជាអ្វីដែលលោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ ប្រាប់ថា ជាហេតុនាំឲ្យទទួលបានជ័យជម្នះក្នុងជំនួប Metfone Cambodian League 2019 កាលថ្ងៃអាទិត្យ ទី០៧ ខែមេសា កន្លងទៅ។


គ្រូបង្វឹកក្រុមការពារតំណែងជើងឯកទទួលស្គាល់ថា លទ្ធផលដល់ទៅ៦ទល់នឹង០ កើតឡើងលើសពីការរំពឹងទុកទៅទៀត ព្រោះក្រុមខ្លួនទើបចាញ់ច្រើនគ្រាប់ដែរក្នុងការប្រកួតពានរង្វាន់ AFC Cup នៅពាក់កណ្ដាលសប្ដាហ៍។


លោក មាស ចាន់ណា ពន្យល់ ៖”ខ្ញុំមិននឹកស្មានថាឈ្នះច្រើនដល់ប៉ុណ្ណឹងទេ។ យើងសហការគ្នាបានល្អ។ យើងអាចឈ្នះបាន ព្រោះយើងបានរៀបក្បួនបិទកីឡាករបរទេសសំខាន់ៗរបស់ពួកគេ និងបានរៀបចំអន្ទាក់បញ្ឆោតឲ្យពួកគេចូល ហើយយើងក៏មានឱកាសក្នុងការរកគ្រាប់បាល់”។


ឆ្លៀតក្នុងឱកាសនោះដែរ លោក មាស ចាន់ណា បានពោលសរសើរកីឡាករអគ្គស្នងការដ្ឋាននគរបាលជាតិដែលប្រកាន់ខ្ជាប់នូវ fair play មិនមានបញ្ហាអវិជ្ជមានកើតឡើង។


ជាចុងក្រោយ គ្រូបង្វឹកកាន់ A-License ដដែលបន្ថែមថា បានព្យាយាមលើកទឹកចិត្តកីឡាករយ៉ាងខ្លាំងក្រោយបរាជ័យនៅ AFC Cup ហើយកូនក្រុមក៏ធ្វើបានសម្រេច។ លោកសង្ឃឹមថា ក្រោយជ័យជម្នះនេះនឹងធ្វើឲ្យពួកគេមានកម្លាំងចិត្តបន្តប្រឹងប្រែងទៅមុខទៀត៕

អត្ថបទ៖ CNCC