គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អាំ សុវណ្ណារ៉ាត់ ៖ រៀបចំការពារល្អធ្វើឲ្យយើងមិនរបូតគ្រាប់បាល់

អ្នកចាំទី អាំ សុវណ្ណារ៉ាត់ របស់ក្លិបព្រះខ័នរាជស្វាយរៀង បង្ហើបថា កត្តាសំខាន់នាំក្រុមអាចរក្សាសំណាញ់មិនទាន់មានគូប្រកួតទាត់ចូលនៅ៣ប្រកួតកន្លងមកនៅក្របខណ្ឌ Metfone Cambodian League គឺដោយសារតែការរៀបចំប្រព័ន្ធការពារយ៉ាងល្អ។


សមាជិកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៤សម័យរៀបរាប់បែបនេះ ៖”យើងមិនទាន់របូតគ្រាប់បាល់ ព្រោះយើងមានការរៀបចំប្រព័ន្ធការពារបានល្អ។ ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ព្រោះខ្សែការពាររបស់យើងមានការសហការគ្នាបានល្អ”។ 
ទោះមិនទាន់ប៉ះក្រុមលំដាប់កំពូលនៅប្រកួតមកនេះ អតីតកីឡាករជម្រើសជាតិកម្ពុជា U22 ដដែលអះអាងថា ជាដើមទុនដ៏ប្រសើរ ហើយអាចបង្កើនទំនុកចិត្តដល់រូបគេមុនឈានទៅជួបក្លិបធំៗឯទៀត និងព្យាយាមរក្សាកំណត់ត្រាឲ្យកាន់តែល្អ។


អាំ សុវណ្ណារ៉ាត់ បន្ថែមដែរថា ទោះបង្ហាញស្នាដៃគួរកត់សម្ពាល់ក្នុងការប្រកួតកន្លងមកនេះ គេនៅមិនទាន់គិតដល់ការក្ដោបឱកាសលេងឲ្យជម្រើសជាតិកម្ពុជាឡើយ ព្រោះយល់ថា អ្នកចាំទីផ្សេងៗទៀត សុទ្ធតែមានសមត្ថភាពល្អ ហើយអ្វីសំខាន់នោះ គឺគេចង់ផ្ដោតលើក្លិបជាមុនសិន។


គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់នឹង០ បន្តដោយជ័យជម្នះលើសូលទីឡូអង្គរ ០ទល់នឹង១ និងឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ០ទល់នឹង២ ក្ដោបក្ដាប់តំណែងកំពូលតារាង MCL 2019 នៅ៣សប្ដាហ៍ដំបូង៕

អត្ថបទ៖ CNCC
ប្រភពរូបភាព៖ Preah Khan Reach Svay Rieng FC