គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គួច សុកុម្ភៈ ថាកូនក្រុមវ័យក្មេងរបស់ណាហ្គាកំពុងកើនពីរចំណុច

បទពិសោធ និងស្មារតី គឺជាចំណុចសំខាន់ដែលប្រធានក្រុមណាហ្គាវើលដ៍ គួច សុកុម្ភៈ មើលឃើញថា មានការកើនឡើងជាវិជ្ជមាន បន្ទាប់ពីបានចូលរួមហ្វឹកហាត់ជាមួយរៀមច្បង និងឆ្លងកាត់ការប្រកួតមួយរយៈធំកន្លងមក។ 


ខ្សែបម្រើប្រយុទ្ធរូបនេះបង្ហើបថា បានព្យាយាមចែករំលែកបច្ចេកទេសដល់សិស្សប្អូនទាំងនោះ ដើម្បីសម្រួចរបៀបលេងឲ្យកាន់តែល្អថែមទៀត។ មិនតែប៉ុណ្ណោះ ការហ្វឹកហាត់ជាមួយកីឡាករចាស់ៗ ក៏ធ្វើឲ្យពួកគេមានកម្លាំងចិត្ត ខំតស៊ូឲ្យបានល្អដូចអ្នកជំនាន់មុនផងដែរ។


គួច សុកុម្ភៈ ពន្យល់ ៖”បន្ទាប់ពីហ្វឹកហាត់ និងលេងជាមួយគ្នាមួយរយៈធំមក ខ្ញុំឃើញថា កីឡាករក្មេងៗរបស់យើងបានកើនឡើងបទពិសោធច្រើន ព្រោះបានលេងជាមួយកីឡាករចាស់។ ពួកគេហ៊ានលេងជាងមុន ហើយពេលហាត់ជាមួយកីឡាករជម្រើសជាតិ ក៏ធ្វើឲ្យពួកគេកាន់តែខំប្រឹងប្រែងដើម្បីបានដូចបងៗដែរ”។ 


ពាក់ព័ន្ធទៅនឹងកីឡាករវ័យក្មេងរបស់ណាហ្គាវើលដ៍នេះដែរ លោក មាស ចាន់ណា ដែលជាគ្រូបង្គោល ឲ្យដឹងថា តែងតែផ្ដល់ឱកាសដល់ពួកគេបង្ហាញសមត្ថភាពក្នុងការប្រកួតកម្រិតជាតិ និងពេលវេលាខ្លះៗលើឆាកអន្តរជាតិដើម្បីសំលៀងបទពិសោធពួកគេឲ្យកាន់តែមុតស្រួចថែមទៀត។


គួរដឹងដែរថា ណាហ្គាវើលដ៍ បាននាំចូលកីឡាករវ័យក្មេងយ៉ាងច្រើននៅរដូវកាល២០១៩នេះ ព្រោះក្លិបចង់អភិវឌ្ឍធនធានកាន់តែច្រើនថែមទៀតសម្រាប់កីឡាបាល់ទាត់ជាតិ៕

អត្ថបទ៖ CNCC