គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ថ្នាក់ដឹកនាំថាយហ្គឺរ រំពឹងយកចំណេះដឹងថ្មីទៅជួយបាល់ទាត់កម្ពុជា ក្រោយចូលរួម World Football Summit

ក្រោយទទួលបានការអញ្ជើញឲ្យចូលរួមជាពិសេសពី La Liga ទៅចូលរួម World Football Summit Asia អ្នកចាត់ការអង្គរថាយហ្គឺរ លោក Yusuke Shinoda និងគ្រូបង្វឹក Oriol Mohedano បានបង្ហាញសុទិដ្ឋិនិយមថា នឹងយកចំណេះដឹងពីការចូលរួមនេះ ទៅជួយអភិវឌ្ឍន៍ក្លិប និងបាល់ទាត់កម្ពុជា ឲ្យកាន់តែដើរទាន់ភាពទំនើបនៃពិភពបាល់ទាត់។


«វាជាឱកាសពិសេស ដែលបានបង្កើតទំនាក់ទំនងថ្មីៗ និងសិក្សាពីបាល់ទាត់នៅតំបន់អាស៊ាន តួយ៉ាងការចែករំលែកបទពិសោធជោគជ័យរបស់លីគថៃ និងម៉ាឡេស៊ីជាដើម។ យើងបានដឹងពីការធ្វើផែនការរបស់ក្រុមធំៗក្នុងលោកដូចជា Barcelona និង Sevilla ក្នុងការវាយលុកទីផ្សារអាស៊ី និងទាក់ទាញអ្នកគាំទ្រជាដើម»។ Yusuke លើកឡើងបែបនេះ។
ជាងនេះទៅទៀត អ្នកចាត់ការដដែលបានឲ្យដឹងថា ចំណេះដឹងទាំងឡាយដែលលោកទទួលបានពីការចូលរួមដ៏កម្រនេះ នឹងក្លាយជាមេរៀនសំខាន់សម្រាប់ពង្រឹងក្លិប និងចែករំលែកបន្តទៅកាន់គ្រួសារបាល់ទាត់កម្ពុជា។


«បើយើងពុំបានចូលរួម ម្ល៉េះយើងពុំដឹងថាបាល់ទាត់សកលដើរដល់កម្រិតណានោះទេ។ ខ្ញុំនឹងយកការសិក្សាពី WFS ទៅពង្រឹងការងារក្នុងក្លិបរបស់ខ្ញុំ ក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូលផងដែរ។ ៣ឆ្នាំក្នុងលីគកំពូលកម្ពុជា ខ្ញុំបានមើលឃើញពីការឈានទៅមុខ ហើយយើងនឹងរួមគ្នារុញច្រានវាបន្ថែមទៀត ដើម្បីឈរកម្រិតតំបន់បាន។ កីឡាករប្រឹងបង្កើនសមត្ថភាពលើទីលាន ហើយផ្នែកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ត្រូវប្រឹងអភិវឌ្ឍន៍សមត្ថភាព ដើម្បីភាពរីកចំរើនជាមួយគ្នា»។
គួរដឹងដែរថា ក្រុមការងារគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC រួមមានលោក ឈី កុលបុត្រា លោក ម៉ា ភារ៉ា និងលោក Christopher Grant ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ World Football Summit នេះផងដែរ ដែលកម្មវិធីធ្វើឡើងក្នុងថ្ងៃទី២៩-៣០ មេសា នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ CNCC