គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការគិរីវង់បង្ហើបមូលហេតុកីឡាករជប៉ុនម្នាក់ចាកចេញក្រោយលេងត្រឹម៥ប្រកួត

របួសជង្គង់បានរុញច្រាន Yuto Sasaki ស្ថិតនៅក្រៅទីលានរយៈពេលវែង ឈានទៅដល់ការសម្រេចចិត្តចាកចេញពីគិរីវង់សុខសែនជ័យ មុនកាលកំណត់ ដើម្បីទៅព្យាបាលនៅប្រទេសជប៉ុន ក្រោយរួមចំណែកបានត្រឹម៥ប្រកួតក្នុងក្របខណ្ឌ Metfone Cambodian League 2019។


លោក ឌុក វាសនា អ្នកចាត់ការក្រុមមានមូលដ្ឋាននៅខេត្តតាកែវបញ្ជាក់ថា កីឡាករវ័យ២៤ឆ្នាំខាងលើមានរបួសធ្លាប់មានបញ្ហាជង្គង់នេះម្ដងមកហើយ ហើយវាបានរើឡើងវិញមុនប៉ះជាមួយណាហ្គាវើលដ៍ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា កន្លងទៅ ដូច្នេះគេក៏សម្រេចចិត្តត្រលប់ទៅប្រទេសកំណើតដើម្បីព្យាបាល។ 


លោក ឌុក វាសនា ពន្យល់ ៖”គាត់ទៅជប៉ុនវិញហើយ។ គាត់របួសជង្គង់ របួសចាស់ហ្នឹង។ គាត់ធ្លាប់មានបញ្ហាហ្នឹងម្ដងហើយ តែគាត់អត់នៅព្យាបាលនៅខ្មែរទេ គាត់ទៅព្យាបាលនៅជប៉ុនវិញ”។ 
អ្នកចាត់ការក្រុមជើងឯក Cambodian Second League 2016 ក៏បានបង្ហាញកង្វល់ចំពោះការប្រកួតក្រោយទៀត ព្រោះកីឡាករមួយចំនួនកំពុងប្រឈមបញ្ហារបួស ទាំងបរទេស និងកូនក្រុមក្នុងស្រុក។ 


គួរដឹងដែរថា គិរីវង់សុខសែនជ័យ រកបានជ័យជម្នះត្រឹមមួយលើកប៉ុណ្ណោះពីការប្រកួតបើកឆាកតទល់យុវជនសាលាបាល់ទាត់ជាតិបាទី ហើយក៏បន្តដោយការចាញ់ជាប់គ្នា៤ប្រកួត។ បច្ចុប្បន្ន ក្រុមដឹកនាំដោយគ្រូបង្គោលជនជាតិថៃ Ekapob Potisai មួយនេះកំពុងឈរនៅចំណាត់ថ្នាក់ទី១១ មាន៣ពិន្ទុ៕

អត្ថបទ៖ CNCC
ប្រភពរូប៖ Visakha Football Club