គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូខេត្តរតនគិរីពង្រឹងតំបន់ប្រយុទ្ធបន្ថែម មុនជួបកំពង់ធំវគ្គ១/៤ពានសម្ដេចតេជោថ្នាក់ខេត្ត

ក្រោយបញ្ចប់ការប្រកួតតទល់តាកែវ កាលពីវគ្គ១៦ក្រុមចុងក្រោយកនុ្លងទៅ គ្រូបង្វឹកខេត្តរតនគិរីលោក ចាប ពិសិដ្ឋ បានបង្ហើបឲ្យដឹងថា ក្រុមលោកនឹងពង្រឹងតំបន់ប្រយុទ្ធឲ្យបានមុតស្រួចបន្ថែមទៀត ដើម្បីរកបានការបញ្ចប់ទីប្រកបដោយប្រសិទ្ធភាព ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយតទល់ម្ចាស់ផ្ទះកំពង់ធំ។


«ឆ្លងកាត់ការប្រកួតទល់និងតាកែវ ខ្ញុំដកពិសោធន៍ឃើញថា កីឡាករខ្ញុំនៅស្ទើរការទាត់ទី ព្រោះបើសិនយើងស្រួចជាងនេះបន្តិច អាចនឹងស៊ីតាកែវបានច្រើនជាង ៣គ្រាប់ តែនេះយើងខ្ជះខ្ជាយឱកាសច្រើនណាស់។ ខ្ញុំនឹងរៀបចំការហ្វឹកហាត់ប្រយុទ្ធឲ្យបានច្រើន ហើយម្យ៉ាងទៀតគឺ ការគ្រប់គ្រងអារម្មណ៍កុំឆាប់មានសម្ពាធពេក»។


បន្ថែមលើនេះ គ្រូបង្វឹកខាងលើឲ្យដឹងថា ពុំមានក្ដីបារម្ភពេកទេ ពេលជួបកំពង់ធំ ដោយអះអាងថាតែងតែប្រាប់កីឡាករឲ្យលេងអស់ពីសមត្ថភាព ទើបគិតលទ្ធផលតាមក្រោយ។ បែបណាក្ដី លោកបារម្ភក្រែងពុំបានទៅដឹកនាំក្រុមផ្ទាល់នៅទឹកដីកំពង់ធំ ដ្បិតរាល់ថ្ងៃលោកជាគ្រូបង្រៀនគណិតវិទ្យា ប្រសិនបើសុំច្បាប់ពុំបាន លោកនឹងអវត្តមានពីជំនួបដ៏សំខាន់នេះ។


គួរជម្រាបថា រតនគិរីនឹងត្រូវធ្វើដំណើរជិត៤០០គីឡូម៉ែត្រ ទៅជួបម្ចាស់ផ្ទះកំពង់ធំ ដែលជាការប្រកួតវគ្គ១/៤ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ថ្នាក់ខេត្ត នៅថ្ងៃពុធ ទី០៨ ឧសភានេះ ដែលការប្រកួតធ្វើឡើងចាប់ពីម៉ោង៣រសៀលតទៅ៕

អត្ថបទ៖ CNCC