គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូព្រះខ័នរាជបង្ហើបបំណងប្រាថ្នាមួយពេលប៉ះថាយហ្គឺរថ្ងៃអាទិត្យនេះ

ជ័យជម្នះលើកដំបូងលើអង្គរថាយហ្គឺរ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៦ គឺជាបំណងប្រាថ្នាដ៏ធំរបស់លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង មុនពេលប៉ះគ្នាជំនួបក្របខណ្ឌកំពូល២០១៩ នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ខាងមុខ។


គ្រូបង្វឹកកាន់ UEFA A-License អះអាងថា សមាជិកគ្រប់រូបមានកម្លាំងចិត្តកាន់តែខ្លាំង ព្រោះត្រូវការឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ជាពិសេសលើទឹកដីខេត្តស្វាយរៀងរបស់ខ្លួនតែម្ដង ក្រោយខកខានច្បាម៣ពិន្ទុពេញពីគូប្រជែងមួយនេះ។


លោក Conor Nestor បញ្ជាក់បែបនេះ៖ “យើងពិតជាមានភាពរំភើបសម្រាប់ការប្រកួតនេះ។ វាជាឱកាសមួយទៀតសម្រាប់កីឡាករដើម្បីបង្ហាញនូវអ្វីដែលយើងអាចធ្វើបាន។ យើងមានការសរសើរខ្លាំងចំពោះថាយហ្គឺរ ហើយជាពិសេសជាក្លិបដែលយើងមិនដែលឈ្នះសោះគិតចាប់ពីខែមិថុនា ឆ្នាំ២០១៦មក ដូច្នេះវាជាកម្លាំងចិត្តមួយដើម្បីកែប្រែប្រវត្តិសាស្ត្រ”។


ព្រះខ័នរាជស្វាយរៀងឈ្នះអង្គរថាយហ្គឺរ ចុងក្រោយបង្អស់នៅក្របខណ្ឌ Metfone Cambodian League 2016 ហើយនៅរដូវកាល២០១៨ ក្រុមមកពីសៀមរាបឈ្នះមួយ និងស្មើមួយ។ 


ដោយឡែក អ្វីគួរកត់សម្គាល់នៅ៥ប្រកួតដើមរដូវកាល២០១៩ គឺក្រុមទាំងពីរមិនទាន់ស្គាល់ពាក្យចាញ់ដូចគ្នា។ ជាក់ស្ដែង ព្រះខ័នរាជស្វាយរៀង មាន១៥ពិន្ទុ ឈរកំពូលតារាង ពីលើក្រុមលេខ៣អង្គរថាយហ្គឺរដែលឈ្នះ៣ និងស្មើ២ ចំនួន៤ពិន្ទុ៕

អត្ថបទ៖ CNCC