គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ព្រះខ័នរាជស្វាយរៀងក្រសោបពានឯកត្តជនពីរគ្រឿងរបស់ MCL 2019 ខែមេសា

លោក Conor Nestor និង ខ្សែប្រយុទ្ធ Privat Mbarga របស់ព្រះខ័នរាជស្វាយរៀង ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅ CNCC ជ្រើសរើសជាបុគ្គលឆ្នើមប្រចាំខែមេសា រដូវកាល២០១៩ នៃក្របខណ្ឌ Metfone Cambodian League។


ក្រោយដឹកនាំឈ្នះទាំង៥ប្រកួតដំបូងនៅ MCL លោក Conor ទទួលបានពានគ្រូបង្វឹកល្អក្នុងខែមេសា ហើយនេះក៏ជាលើកទី២ដែរដែលទទួលបានរង្វាន់កិត្តិយសនេះ បន្ទាប់ពីខែមីនា ដែលកាលណោះលោកដឹកនាំឈ្នះ៣ប្រកួតជាប់គ្នា និងមិនរបូតគ្រាប់បាល់ថែមទៀត។


ជាមួយគ្នានេះ Privat Mbarga ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែមេសា តាមរយៈការរួមចំណែកយ៉ាងលេចធ្លោឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងបន្តឈរកំពូលតារាងគិតត្រឹមសប្ដាហ៍ទី៥។


គិតមកទល់ពេលនេះ អតីតកីឡាករបឹងកេត, វេស្ទើន, ខេមបូឌានថៃហ្គឺរ និងអាស៊ីអឺរ៉ុបយូណាយធីតរកបានពីរគ្រាប់បាល់, បង្កើតឱកាសប៉េណាល់ទីពីរលើក និងបញ្ជូនឲ្យមិត្តរួមក្រុមបំប៉ោងសំណាញ់ទីពីរដង។ 


ដោយឡែកនៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ព្រះខ័នរាជស្វាយរៀង ដែលទើបរបូតមួយគ្រាប់ពីការប្រកួត៥លើក ត្រូវទទួលក្រុមមិនទាន់ចាញ់ដូចគ្នា គឺអង្គរថាយហ្គឺរ៕

អត្ថបទ៖ CNCC