គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

សារព័ត៌មានអនឡាញមួយនៅជប៉ុនចុះផ្សាយពីកំណត់ត្រាអ្នកទស្សនារបស់អង្គរថាយហ្គឺរ

ការបំបែកកំណត់ត្រាអ្នកទស្សនាផ្ទាល់របស់ក្លិបអង្គរថាយហ្គឺរ កាលជំនួបជាមួយវិសាខា ក្នុងក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី៥ ថ្ងៃអាទិត្យទី២៨ ខែមេសា នៅកីឡដ្ឋានខេត្តសៀមរាប កន្លងទៅ ត្រូវបានសារព័ត៌មានអនឡាញ Yahoo.jp របស់ជប៉ុនផ្សព្វផ្សាយកាលថ្មីៗនេះ។


ក្រុមដឹកនាំដោយគ្រូបង្គោល Oriol Mohedano បានស្រូបទាញបានអ្នកទស្សនាបាន៤៣៧៧នាក់ ដែលជាកំណត់ត្រាថ្មីក្នុងឆ្នាំ២០១៩ ខណៈចំនួនចាស់ គឺ៤២៥៧នាក់ ពេលអង្គរថាយហ្គឺរធ្វើជាម្ចាស់ផ្ទះជំនួប MCL រដូវកាល២០១៨។ 


ប្រភពសារព័ត៌មានដដែលបានស្រង់សម្ដីលោក Yusuke Shinoda អ្នកចាត់ការទូទៅក្លិបអង្គរថាយហ្គឺរថា មានមោទកភាពចំពោះការបង្កើតបរិយាកាសកាន់តែល្អប្រសើរនៅសៀមរាបទាំងមូល។ 


ក្លិបបាល់ទាត់ជាច្រើនបានបោះទីតាំងនៅរាជធានីភ្នំពេញ ប៉ុន្តែអង្គរថាយហ្គឺរបានផ្លាស់ទៅខេត្តសៀមរាបក្នុងឆ្នាំ២០១៧ ព្រោះពួកគេយល់ថា អាចពង្រីកសក្ដានុពលក្នុងតំបន់នាពេលអនាគត។


ក្រុមមានម្ចាស់ជាជនជាតិជប៉ុនមួយនេះទទួលបានពានរង្វាន់សម្រាប់ដែលមានអ្នកទស្សនាផ្ទាល់នៅទីលានច្រើនជាងគេពីគណៈកម្មការប្រកួតបាល់ទាត់ជាតិ ឆ្នាំ២០១៨ ដោយចុងក្រោយបង្អស់ទាក់ទាញបានទស្សនិកជនច្រើនជាង១០ដង បើប្រៀបទៅនឹងចំនួនមធ្យមពីចន្លោះ៣០០ទៅ៥០០នាក់៕

អត្ថបទ៖ CNCC