គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការថាយហ្គឺរ រំពឹងអ្នកគាំទ្រធ្វើរឿងមួយ ទោះមិនបានទៅដល់ស្វាយរៀងផ្ទាល់

លោក Yusuke Shinoda អ្នកចាត់ការក្លិបអង្គរថាយហ្គឺរបង្ហើបថា ក្រុមអ្នកគាំទ្រក្លិបលោកមួយចំនួនបានធ្វើដំណើរទៅលើកទឹកចិត្តផ្ទាល់ដល់ខេត្តស្វាយរៀង ពេលប៉ះជាមួយម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ក្នុងជំនួបក្របខណ្ឌ Metfone Cambodian League 2019 សប្ដាហ៍ទី០៦ ល្ងាចថ្ងៃអាទិត្យ ទី០៥ ខែឧសភា នេះ។


ថ្នាក់ដឹកនាំក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបឲ្យដឹងដែរថា អ្នកគាំទ្រខ្លះក៏មិនបានទៅទស្សនាផ្ទាល់ដែរ ដោយសារមានធុរៈផ្ទាល់ខ្លួន ប៉ុន្តែលោកសង្ឃឹមថា ពួកគេអាចនឹងប្រមូលផ្ដុំមើលការផ្សាយផ្ទាល់លើទូរទស្សន៍ជុំគ្នា។


អ្នកចាត់ការជនជាតិជប៉ុនលើកឡើងបែបនេះ ៖”អ្នកគាំទ្រថាយហ្គឺរខ្លះនឹងចេញពីសៀមរាបមកទស្សនាផ្ទាល់ដល់ស្វាយរៀង។ ប៉ុន្តែអ្នកខ្លះទៀតមិនបានមកទេ ព្រោះរវល់នឹងការងារ ឬជាប់ឈប់ថ្ងៃសម្រាកអ៊ីចឹងទៅ។ប៉ុន្តែប្រសិនបើពួកគេអាចប្រមូលផ្ដុំគ្នានៅទីតាំងតែមួយណាមួយ នៅតាមក្លិប ឬបារ នឹងកាន់តែល្អ។ ខ្ញុំជឿថា នៅតាមបារភាគច្រើនមានអតិថិជនជាបរទេស។ ពួកគេចូលចិត្តកីឡា តែមិនសូវស្គាល់ក្រុមក្នុងស្រុក អ៊ីចឹងវានឹងកាន់តែល្អបើអ្នកគាំទ្រយើងធ្វើបែបនេះ"។ 


លោក Yusuke Shinoda បង្ហើបថា អ្នកគាំទ្រធ្លាប់បែបនេះម្ដងដោយមានប្រមាណ២០ទៅ៣០នាក់ចូលរួមមើលការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជុំគ្នាតែម្ដង។ លោកសង្ឃឹមថា សកម្មភាពដូចរៀបរាប់ខាងលើនឹងទាក់ទាញចំណាប់អារម្មណ៍កាន់តែច្រើនពីសាធារណជនក្នុងស្រុក៕

អត្ថបទ៖ CNCC