គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ហុក សុជីវ័ន បញ្ជាក់មូលហេតុវិសាខាព្យាយាមឈ្នះកំពង់ចាមច្រើនគ្រាប់

ការចង់បានចំនួនគ្រាប់បាល់ និងជ័យជម្នះយ៉ាងចាំបាច់ ត្រូវបានលោក ហុក សុជីវ័ន បញ្ជាក់ថា ជាមូលហេតុវិសាខា ឈ្នះកំពង់ចាម ដល់ទៅ១៤ទល់នឹង០ ក្នុងជំនួប Metfone Cambodian League 2019 សប្ដាហ៍ទី០៦ កាលថ្ងៃសៅរ៍ ទី០៤ ខែឧសភា កន្លងទៅ។


គ្រូបង្គោលក្រុមលេខ៣ក្របខណ្ឌ MCL រដូវកាលកន្លងទៅបញ្ជាក់ថា ទុកគ្រប់ប្រកួតសុទ្ធតែសំខាន់ ហើយការប្រជែងដណ្ដើមចំណាត់ថ្នាក់កំពូលតារាងក៏មានលក្ខណៈតានតឹង ដូច្នេះមិនអាចបន្ធូរបានទេក្នុងប្រកួតណាមួយ។


លោក ហុក សុជីវ័ន ពន្យល់ ៖”និយាយទៅ គ្រប់ការប្រកួតសុទ្ធតែសំខាន់បំផុត ព្រោះច្បាប់ការប្រកួត នរណាពិន្ទុច្រើន គ្រាប់បាល់ច្រើន ក្រុមហ្នុងឈរលើគេ។ ដូចយើងដឹងស្រាប់ហើយ ពិន្ទុស្មើគ្នាច្រើន តែយើងនៅក្រោមគេ អ៊ីចឹងយើងព្យាយាមធ្វើតាមលទ្ធភាព ពេលណាយើងប៉ះក្រុមដែលអាចរកគ្រាប់បាល់បានច្រើន យើងនឹងធ្វើទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន”។ 


គួរដឹងដែរថា លទ្ធផល១៤ទល់នឹង០របស់វិសាខា គឺជាកំណត់ត្រាថ្មីនៅរដូវកាលនេះ បន្ទាប់ពីក្រសួងការពារជាតិ និងអង្គរថាយហ្គឺរ ឈ្នះកំពង់ចាមដដែលត្រឹម១១ទល់នឹង០។ ដោយឡែក កែវ សុខផេង រកបាន៧គ្រាប់ម្នាក់ឯងក្នុងការប្រកួតកាលថ្ងៃសៅរ៍កន្លងទៅនេះ៕

អត្ថបទ៖ CNCC