គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូកំពតបង្ហើបមូលហេតុពិបាកប្រជែងជាមួយកោះកុង

កត្តាវ័យ និងប្រុងប្រយ័ត្នចំពោះរបួស គឺជាមូលហេតុខ្លះៗដែលលោក សេក ចំណានរិទ្ធិ គ្រូបង្វឹកក្រុមជម្រើសខេត្តកំពតយល់ថា នាំឲ្យក្រុមលោកបន្តចាញ់កោះកុងក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត កាលថ្ងៃអង្គារ ទី០៧ ខែឧសភា។ 


ក្រោយចាញ់១ទល់នឹង០ ក្នុងជំនួបដ៏តានតឹង តំណាងគ្រូបង្គោលខាងលើបង្ហើបថា កីឡាករលេងនៅជម្រើសដំបូងភាគច្រើនមានវ័យក្មេង ហើយពួកគេក៏មិនបានប្ដូរផ្ដាច់ដើម្បីប៉ះទង្គិចប្រជែងយកបាល់ជាមួយកីឡាករកោះកុងដែលសម្បូរអ្នកលេងវ័យចំណាស់ជាង ព្រោះត្រូវរក្សាកាយសម្បទាប្រកួតកម្រិតយុវជនថែមទៀត។


លោក សេក ចំណានរិទ្ធិ ពន្យល់ ៖”កីឡាកររបស់ខ្ញុំភាគច្រើនក្មេងៗពេក ហើយកីឡាករកោះកុងចាស់ច្រើន លេងប្រើរបៀបស្លាយច្រើនពេក អ៊ីចឹងដើម្បីការពារសុខភាពកាយសម្បទារបស់គាត់ គឺគាត់អត់ខ្វល់ពីរឿងគ្រាប់បាល់ទេ សំខាន់គឺសុខភាពរបស់គាត់ ហើយបន្ទាប់ពីធ្លាប់ប៉ះគ្នាក្នុងវគ្គចែកពូល គឺពួកខ្ញុំ បានប្រាប់កីឡាករខ្ញុំឲ្យព្យាយាមថែរក្សា fair play និងចេះអធ្យាស្រ័យគ្នា។ មិនតែប៉ុណ្ណោះទេ កីឡាករចំណាស់ក្នុងជម្រើសដំបូងមានតែ៤នាក់ទេ និង២នាក់ទៀតនៅកៅអីបម្រុង”។


ទោះមិនអាចឡើងទៅកាន់វគ្គបន្ត គ្រូបង្វឹកដដែលអះអាងពេញចិត្តចំពោះការលេងរបស់កូនក្រុមដែលហាក់ល្អប្រសើរជាងមុន ជាពិសេសកាលប៉ះគ្នាក្នុងវគ្គចែកពូល គឺកាលណោះកំពតចាញ់កោះកុងដល់ទៅ៤ទល់នឹង២។ លោកថា នេះជាបទពិសោធដ៏ល្អសម្រាប់កូនក្រុមដែលភាគច្រើនចេញពីថ្នាលប្រចាំខេត្ត ហើយជាការចូលរួមលើកទី១សម្រាប់កីឡាករវ័យក្មេងទាំងនោះដែរ៕

អត្ថបទ៖ CNCC