គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូកោះកុងប្ដេជ្ញាធ្វើរឿងមួយមុនវគ្គ១/២ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

ការបង្កើនការហ្វឹកហាត់ទ្វេដង គឺគម្រោងដ៏សំខាន់មួយរបស់លោក កៅ សាវ៉ា គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសខេត្តកោះកុង មុនឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្នាក់ខេត្ត ឆ្នាំ២០១៩ ក្រោយទម្លាក់ខេត្តកំពត ដោយលទ្ធផល១ទល់នឹង០ កាលថ្ងៃអង្គារ ទី០៧ ខែឧសភា។ 


គ្រូបង្វឹកក្រុមមានមូលដ្ឋាននៅប៉ែកនិរតីទទួលស្គាល់ថា ការលេងរបស់កូនក្រុមខ្លួនល្អជាងមុន តែត្រូវពង្រឹងបន្ថែមទៀត ព្រោះបានហ្វឹកហាត់តិចតួច ដោយសារជាប់រវល់នឹងការងាររៀងៗខ្លួន ធ្វើឲ្យប៉ះពាល់កម្លាំង។


លោក កៅ សាវ៉ា រៀបរាប់បែបនេះ ៖”ខាងខ្ញុំត្រៀមខ្លួនបានតិចមែនទែន ខណៈខាងកំពតត្រៀមខ្លួនបានល្អជាងខ្ញុំផងមើលទៅ។ ខ្ញុំនឹងពង្រឹងកូនក្រុមដោយប្រើរយៈពេលវែងជាងមុន ព្រោះកន្លងមកបានហ្វឹកហាត់តិចពេក ព្រោះអ្នកខ្លះធ្វើការរោងចក្រ ធ្វើការក្រុមហ៊ុនអីច្រើន អ៊ីចឹងខ្ញុំត្រូវការពង្រឹងពួកគាត់ឲ្យច្រើនជាងនេះ អ៊ីចឹងប្រកួតក្រោយខ្ញុំសង្ឃឹមថា លទ្ធផលនឹងល្អប្រសើរដូចថ្ងៃនេះ”។


ជ័យជម្នះនេះបានរុញកោះកុងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ជាលើកទី២ជាប់ៗគ្នា និងមានឱកាសប្រជែងកៅអីទៅកាន់ការប្រកួតថ្នាក់ជាតិដែលត្រូវប្រឈមនឹងក្លិបអាជីពនៅលីគកំពូលកម្ពុជាទៀតផង។


ចំណែកលទ្ធផលមួយគូទៀតកាលថ្ងៃអង្គារ ទី០៧ ខែឧសភា ដូចគ្នា គឺខេត្តត្បូងឃ្មុំ ឈ្នះព្រៃវែង ២ទល់នឹង០៕

អត្ថបទ៖ CNCC