គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ខ្សែការពារថាយហ្គឺរ តាំង ពិសី ថាបានធូរស្បើយច្រើន ក្រោយគ្រោះថ្នាក់ចរាចរណ៍

ក្រោយរងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តគៀរ កាលពីយប់ថ្ងៃទី០៦ ឧសភាកន្លងទៅ បណ្ដាលឲ្យបែកថ្ងាសខាងឆ្វេង៧ថ្នេរ ខ្សែការពារអង្គរថាយហ្គឺរ តាំង ពិសី នាថ្ងៃទី០៩នេះអះអាងថា ស្ថានភាពសុខភាពរបស់គេបានធូរស្បើយច្រើនជាងមុន។


«មកទល់ថ្ងៃនេះ ខ្ញុំរាងស្រួលខ្លួនច្រើនជាងមុនហើយ ប៉ុន្តែនៅឈឺមុខរបួសបន្តិច ព្រោះបុកជាមួយឡានបែកថ្ងាសដល់ទៅ៧ថ្នេរ ហើយដាច់រលាត់ក្រោមភ្នែកបន្តិច។ បើតាមគ្រូពេទ្យគាត់ប្រាប់ថា ឆ្អឹងលលាដ៍ខាងមុខប៉ះពាល់បន្តិចទេ មិនបញ្ហាធំដុំឡើយ ហើយប្រហែលជា២អាទិត្យទៀត អាចសះស្បើយដូចធម្មតាវិញហើយ ប៉ុន្តែត្រូវតាមដានជាប់លាប់»។


កីឡាករមានប្រភពពីខេត្តសៀមរាបដដែលប្រាប់ថា ពុំទាន់ដឹងថាពេលណាអាចចូលហ្វឹកហាត់បានវិញនោះទេ ត្រូវរង់ចាំតាមដានស្ថានភាពរបួសបន្តបន្ទាប់ទៀត។ យ៉ាងណាក្ដី សោហ៊ុយសម្រាកព្យាបាលរបស់រូបគេ ត្រូវបានបុគ្គលិកក្លិបផ្ដល់ដំណឹងថា ប្រធានក្លិបលោក Akihiro Kato ជាអ្នករ៉ាប់រង សំខាន់លោកចង់ឃើញកីឡាករខ្លួនមានសុវត្ថិភាព១០០ភាគរយ។


គួររំឭកថា តាំង ពិសី បានរងរបួសបែកថ្ងាស៧ថ្នេរ និងប្រេះឆ្អឹងលលាដ៍ខាងមុខក្នុងទំហំតូច ក្រោយរថយន្តពណ៌សមួយគ្រឿងគៀរ នៅជិតសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប អំឡុងម៉ោង៩យប់ ថ្ងៃទី០៦ ឧសភាកន្លងទៅ៕

អត្ថបទ៖ CNCC