គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ក្លិបកំពង់ចាមប្រកាសរើសយុវជន U18 ត្រៀមប្រកួតពាននានា

ក្លិបបាល់ទាត់ខេត្តកំពង់ចាម បានប្រកាសធ្វើតេស្ដសមត្ថភាពជ្រើសរើសយុវជនថ្នាលកម្រិតអាយុក្រោម១៨ឆ្នាំ ពីចន្លោះ២០ទៅ៣០នាក់ដើម្បីត្រៀមចូលរួមការប្រកួតដណ្ដើមពានរង្វាន់ផ្សេងៗនាពេលខាងមុខ។ នេះបើតាមទំព័រ Facebook របស់ក្រុមចំណូលថ្មីនៅក្របខណ្ឌ Metfone Cambodian League។


លោក ស្រេង វ៉ាន់ណូ ដែលជាអ្នកចាត់ការទូទៅប្រាប់ CNCC ថា ការជ្រើសរើសនេះមិនប្រកាន់ថាមកពីខេត្តណាឡើយ ហើយសម្រាប់បេក្ខជនមិនមែនអ្នកកំពង់ចាម ចាប់អារម្មណ៍ ក្លិបនឹងសម្រួលការធ្វើដំណើរទៅធ្វើតេស្ដ។


ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់បែបនេះ ៖”សម្រាប់យុវជននៅខេត្តនានាដែលចង់ធ្វើតេស្ដ យើងក៏ស្វាគមន៍ដែរ ឲ្យតែចាប់អារម្មណ៍ ហើយយើងនឹងរៀបចំជូន។ ការជ្រើសរើសនេះប្រហាក់ប្រហែល២០ទៅ៣០នាក់ដែរ ព្រោះយើងឃើញយុវជននៅខេត្តកំពង់ចាមល្អៗច្រើន អ៊ីចឹងយើងចង់ឲ្យពួកគាត់បានបង្ហាញសមត្ថភាព”។
សម្រាប់កាលបរិច្ឆេទនៃការធ្វើតេស្ដពុំទាន់បង្ហាញជាផ្លូវការនៅឡើយទេ។


គួរដឹងដែរថា ក្លិបបាល់ទាត់ខេត្តកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ Metfone Cambodian League ជាលើកដំបូងនៅឆ្នាំ២០១៩នេះ៕

អត្ថបទ៖​ CNCC