គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

បឹងកេតនឹងចម្រាញ់យុវជនឆ្នើមពីការប្រកួតជើងឯកវិទ្យាល័យ

លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេតបង្ហើបថា នឹងសម្លឹងមើលយុវជនឆ្នើមនៅតាមបណ្ដាក្រុមនានាដែលចូលរួមការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ដែលសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ 


ថ្នាក់ដឹកនាំក្រុមជើងឯក Metfone Cambodian League ៣សម័យសង្កត់ធ្ងន់ថា កីឡាករមានសមត្ថភាពល្អអាចទទួលបានឱកាសចូលរួមថ្នាលយុវជនរបស់បឹងកេត និងឈានជើងចូលក្រុមធំទៀងផងនាពេលអនាគត។ លោកថា ការប្រកួតជើងឯកវិទ្យាល័យនឹងបំពេញក្ដីស្រមៃរបស់យុវជនក្នុងការឈានទៅជាកីឡាករអាជីព។


លោក បែ មករា ពន្យល់ ៖”ដូចយើងដឹងហើយថា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញមានគោលបំណងច្បាស់លាស់ ជាពិសេសយើងចង់ឲ្យមានព្រឹត្តិការណ៍បាល់ទាត់នៅតាមវិទ្យាល័យដើម្បីឲ្យយុវជនចៀសពីអបាយមុខផ្សេងៗ។ ម្យ៉ាងទៀត ការប្រកួតជើងឯកវិទ្យាល័យនេះនឹងជួយពួកគាត់បំពេញក្ដីស្រមៃក្លាយជាកីឡាករអាជីព ប៉ុន្តែពួកគាត់អត់មានឱកាស ហើយយើងក៏មិនអាចស្វែងរកអស់ អ៊ីចឹងមានតែបង្កើតព្រឹត្តិការណ៍ដើម្បីសម្លឹងមើល។ ប្រសិនបើគាត់មានបំណង ហើយចង់ចាប់យក អាជីពបាល់ទាត់នោះ ហើយមានសមត្ថភាព យើងនឹងជ្រើសរើសយកពួកគាត់លេងយុវជនថ្នាលបឹងកេត ហើយឈានទៅឈុតធំនាពេលអនាគតតែម្ដង”។


គួរដឹងដែរថា ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យនេះ មានចំនួន៩ក្រុមចូលរួម ដំណើរការចាប់ពីទី០៦ ខែមិថុនា ដល់ពាក់កណ្ដាលខែកញ្ញា និងធ្វើឡើងនៅ៣ទីលានផ្សេងគ្នា គឺនៅវិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីមច្បារអំពៅ និងកីឡដ្ឋានបឹងកេត។


សម្រាប់ក្រុមទាំង៩មានដូចជា ច្បារអំពៅ, ឥន្ទ្រទេវី, ចាក់អង្រែ,ឫស្សីកែវ, បឹងត្របែក, ភ្នំពេញថ្មី, ជាស៊ីមសាមគ្គី,
ព្រះស៊ីសុវត្ថិ និងវេស្ទឡាញន៍។


លោក បែ មករា បញ្ជាក់ថា សមាសភាពយុវជនចូលរួមទាំងអស់មិនពាក់ព័ន្ធនឹងក្លិបអាជីពណាមួយនៅក្របខណ្ឌ Metfone Cambodian League ឡើយ៕

អត្ថបទ៖ CNCC