គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូវិសាខាពុំហ៊ានមើលស្រាលទ័ព ទោះប៉ុន្មានប្រកួតចុងក្រោយធ្វើពុំសូវបានល្អ

លោក ហុក សុជីវ័ន គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា បានបង្ហាញការគោរពចំពោះគូប្រជែងក្លិបក្រសួងការពារជាតិ ក្នុងជំនួបនៅស្តាតចាស់ នាថ្ងៃសៅរ៍នេះ ដោយបានលើកឡើងថា ការប្រកួតអាចប្រែប្រួលគ្រប់ពេល ពុំមែនលេងមិនបានល្អសប្ដាហ៍នេះ ហើយសប្ដាហ៍ក្រោយនៅតែអញ្ចឹងទៀតនោះទេ។ 


«ពីប្រកួតមុនៗ យើងឃើញថាគាត់មានចន្លោះប្រហោងមែន តែអ្វីៗវានឹងអាចផ្លាស់ប្តូរគ្រប់ការប្រកួត អញ្ចឹងយើងមិនអាចគិតថាងាយស្រួលនោះទេ។ សម្រាប់ការប្រកួតនេះ យើងបានរៀបចំតំបន់ការពារឲ្យបានច្រើនជាងការប្រយុទ្ធ ទាំងការលេងបាល់ក្រោម និងបាល់លើ។ ក្រុមទាំងមូលបានរៀបចំនូវអ្វីដែលមើលឃើញថាខ្វះខាតកន្លងមក ដើម្បីពង្រឹងបន្ថែមសម្រាប់ការប្រកួតបន្ទាប់»។


បន្ថែមលើនេះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិយុវជន អាយុក្រោម១៩ឆ្នាំដដែលលើកឡើងថា មិនថាតែក្រសួងការពារជាតិទេ ពោលគ្រប់ក្រុមទាំងអស់នៅក្នុង Metfone Cambodian League 2019 សុទ្ធតែពុំអាចមើលស្រាលបាន ព្រោះពួកគេសុទ្ធតែបានត្រៀមខ្លួន និងមានយុទ្ធសាស្ត្រប្លែកៗរៀងខ្លួន។


គួរឲ្យដឹងថា ក្រុមចំណាត់ថ្នាក់លេខ៥ ក្រសួងការពារជាតិ នឹងបើកទ្វារទទួលក្រុមភ្ញៀវគីឡូធ្ងន់កំពង់ឈរចំណាត់ថ្នាក់លេខ៣ វិសាខា នាថ្ងៃសៅរ៍ ទី ២៥ ឧសភា ចាប់ពីម៉ោង ១៨:០០ តទៅ នៅលើវាលស្មៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានផ្សាយផ្ទាល់នៅលើ BTV ៕

អត្ថបទ៖ CNCC