គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ភា សុភ័ក្ត្រា ប្រាប់ដើមចមការពារជាតិធ្វើមិនសូវបានល្អនៅដើមរដូវកាលនេះ

ការបន្ថែមយុទ្ធសាស្ត្រថ្មីៗមួយចំនួនទំនងជាមូលហតុបណ្ដាលឲ្យក្រសួងការពារជាតិធ្វើមិនសូវបានល្អក្នុងចំណោម៨ប្រកួតដើមរដូវកាល២០១៩នេះ ព្រោះកីឡាករខ្លះប្រហែលមិនទាន់អាចចាប់បាន។ នេះបើតាមការលើកឡើងពីលោក ភា សុភ័ក្ត្រា ដែលជាគ្រូបង្គោល។


គ្រូបង្វឹកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៨ ថា លទ្ធផលមិនជាទីគាប់ចិត្តកន្លងមក ក៏ជាទំនួលខុសត្រូវមួយផ្នែករបស់លោក ដូច្នេះលោកអះអាងថា នឹងព្យាយាមរៀបចំក្រុមឲ្យបានល្អ ព្រោះនៅសល់ពេលវេលាច្រើនទៀត។


លោក ភា សុភ័ក្ត្រា លម្អិត ៖”និយាយរួមប្រហែលជាការរៀបចំរបស់ខ្ញុំឆ្នាំនេះ ដោយសារឆ្នាំមុនយើងមានបទពិសោធហើយយើងព្យាយាមលេងដោយប្រើតាក់តិចសម្របទៅតាមស្ថានភាពរបស់កម្រិតកីឡាករ។ តែដោយសារឆ្នាំនេះ ខ្ញុំគិតថា ការយល់រវាងកីឡាករ និងស្តាយល៍របស់គ្រូ អាចធ្វើឲ្យខ្ញុំបន្ថែមនូវអ្វីដែលថ្មី ចឹងការបន្ថែមនេះអាចឲ្យមានការស្មុគស្មាញ និងរវើរវាយ”។


ក្នុងចំណោម៨ប្រកួតដើមរដូវកាល២០១៩នេះ ក្រសួងការពារជាតិ របូតដល់ទៅ១៥គ្រាប់ និងកំពុងឈរនៅលេខ៥ មាន១៤ពិន្ទុ។


លោក ភា សុភ័ក្ត្រា ទទួលស្គាល់ថា មានអារម្មណ៍សម្ពាធខ្លះដែរពេលមិនអាចដឹកនាំក្រុមបានលទ្ធផលវិជ្ជមានតែថា ក៏មិនបាក់ទឹកចិត្ត ព្រោះនៅរដូវកាលកន្លងទៅក៏មានបញ្ហាប្រហាក់ប្រហែលគ្នានេះ តែអាចកែប្រែក្រុមឲ្យល្អឡើងវិញ៕

អត្ថបទ៖ CNCC