គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូសូលទីឡូថា នឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើនជាងរាល់ដង ពេលប៉ះអគ្គិសនីកម្ពុជា

គ្រូបង្វឹកជនជាតិអង់គ្លេសរបស់សូលទីឡូអង្គរ លោក Darren Pomroy អះអាងថា បានត្រៀមយុទ្ធសាស្ត្រវាយលុកយ៉ាងហ្មត់ចត់ ដើម្បីបំប៉ោងសំណាញ់ទីក្រុមពូកែការពារអគ្គិសនីកម្ពុជា ឲ្យបានច្រើនជាងការប្រកួតមុនៗ ដែលរកបានខ្ពស់បំផុតត្រឹម២គ្រាប់ប៉ុណ្ណោះ។


«បើយើងទៅតារាងចំណាត់ថ្នាក់ ក្រុមយើងទាំង២សុទ្ធតែជាក្រុមទាត់បញ្ចូលទីបានតិចដូចគ្នា គិតត្រឹម៨សប្ដាហ៍កន្លងមក។ យើងបានដាក់គោលដៅធ្វើវាឲ្យបានល្អជាងកន្លងមក ដោយបង្កើតឱកាសទាត់សំដៅទីឲ្យបានច្រើនក្នុងពេលប្រយុទ្ធ។ យើងជាក្រុមមានស្ថិតិគ្រប់គ្រងបាល់ល្អប្រសើរស្រាប់ ហេតុនេះយើងចង់បានគ្រាប់បាល់បញ្ចូលទីច្រើន ដើម្បីបានឡើងទៅកាន់តំបន់៦ក្រុមមានពិន្ទុខ្ពស់ជាងគេ កាន់តែឆាប់»។


បន្ថែមលើនេះ គ្រូបង្វឹកដដែលអះអាងថា បានធ្វើការវិភាគវីដេអូប្រកួតរបស់ EDC ហើយថានឹងប្រុងប្រយ័ត្នខ្ពស់ ចំពោះទម្រង់ការពារហើយវាយបកលឿនរបស់ក្រុមលោក ប្រាក់ វុទ្ធី។ ក្រៅពីនេះ សូលទីឡូក៏បានរៀបចំក្បួនប្រយុទ្ធមុតស្រួច ដើម្បីបំបែកកំផែងការពារគ្រូប្រកួតឲ្យបានជោគជ័យ តាមរយៈការប្រើយុទ្ធសាស្ត្រ ដែលបានហ្វឹកហាត់ត្រៀមកន្លងមក។


គួរជម្រាបថា សូលទីឡូអង្គរ នឹងត្រូវធ្វើដំណើរជាង៣០០គីឡូម៉ែត្រទៅជួបម្ចាស់ផ្ទះអគ្គិសនីកម្ពុជា នាថ្ងៃអាទិត្យ ទី២៦ ឧសភា នៅលើវាលស្មៅកីឡដ្ឋាន EDC ទួលសង្កែ ដោយមានផ្សាយផ្ទាល់នៅលើ YouTube Channel របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ចាប់ពីម៉ោង១៥:៣០តទៅ៕

អត្ថបទ៖ CNCC