គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការកំពង់ចាម ៖ យុវជនចូលមកធ្វើតេស្ដសុទ្ធតែបង្ហាញឆន្ទៈខ្ពស់

យុវជនប្រមាណ៣៥នាក់បានចូលរួមធ្វើតេស្ដក្រុមថ្នាលអាយុក្រោម១៨ឆ្នាំរបស់ក្លិបបាល់ទាត់ខេត្តកំពង់ចាម កាលថ្ងៃសុក្រ ទី២៤ ខែឧសភា ហើយកម្មវិធីនឹងបន្តពេញមួយថ្ងៃទៀតនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា នេះ។


លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការក្រុមចំណូលថ្មីនៅក្របខណ្ឌ Metfone Cambodian League មើលឃើញថា បេក្ខជនទាំងអស់បានបង្ហាញឆន្ទៈ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកម្មវិធីធ្វើតេស្ដនេះ ព្រោះពួកគេសុទ្ធសឹងតែចង់ចូលរួមជាមួយក្លិប។


លោក ស្រេង វ៉ាន់ណូ រៀបរាប់ ៖”ក្នុងការធ្វើតេស្ដនេះ ខ្ញុំមើលឃើញថា ពួកគាត់ពិតជាប្រឹងប្រែង និងបង្ហាញឆន្ទៈចង់ចូលរួមជាមួយពួកយើងតែម្ដង។ អ្វីដែលជាលំហាត់ដែលយើងដាក់ឲ្យ ទោះមិនទាន់បានពេញលេញ ពួកគាត់ពិតជាខំប្រឹងប្រែង។ អ្នកខ្លះទៀតមានទាំងសូមពួកយើង ថា បើមិនជាប់ ក៏សូមស្ម័គ្រចិត្តចូលហ្វឹកហាត់ជាមួយយើង”។


អ្នកចាត់ការដដែលបញ្ជាក់ថា សម្រាប់លទ្ធផលតេស្ដយុវជន U18 នេះនឹងប្រកាសនៅថ្ងៃអង្គារ ទី២៨ ខែឧសភា ។សម្រាប់ចំនួនជ្រើសរើស គឺមានចន្លោះពី២០ទៅ៣០នាក់៕

អត្ថបទ៖ CNCC