គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

មូលហេតុជ្រើសកីឡដ្ឋានវិសាខារៀបចំវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

ការសម្រួលដល់កត្តាធ្វើដំណើរទាំងសងខាង គឺជាហេតុផលសំខាន់ដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC សម្រេចជ្រើសរើសយកកីឡដ្ឋានរបស់ក្លិបបាល់ទាត់វិសាខា ជាទីតាំងរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នៅថ្ងៃពុធ ទី២៩ ខែឧសភា ខាងមុខ។


លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិ CNCC ពន្យល់ពីការសម្រេចចិត្តបែបនេះ ៖”បើយើងមើលទៅប្រៀបដូចវិសាខា ជាទឹកដីកណ្ដាលមួយ ដែលចម្ងាយផ្លូវពីខេត្តផ្សេងៗមក វាប្រហាក់ប្រហែលគ្នា ខុសគ្នាតិចតួចអីហ្នឹងចៀសមិនរួចទេ វាល្អជាងរើសទីតាំងផ្សេងទៀត។ ទីលានវិសាខាមានលក្ខណៈថ្មី និងស្តង់ដារដែរ”។ 


គួរដឹងដែរថា ក្រុមជម្រើសខេត្តសៀមរាបត្រូវប្រជែងយកជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០១៩ ជាមួយក្រុមខេត្តត្បូងឃ្មុំ នៅវេលាម៉ោង៦ល្ងាច ហើយក្រុមទាំងពីរក៏មានកៅអីទៅកាន់ការប្រកួតថ្នាក់ជាតិផងដែរ។


ជាមួយគ្នានេះនៅម៉ោង៣រសៀល ក្រុមជម្រើសខេត្តកោះកុង និងខេត្តរតនគិរី  ដែលធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្នាក់ខេត្តត្រូវប្រជែងយកកៅអីវគ្គ១៦ក្រុមថ្នាក់ជាតិមួយទៀតដែលនៅសល់៕

អត្ថបទ៖​ CNCC