គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូថាយហ្គឺរបង្ហាញប្រតិកម្មវិជ្ជមាន ចំពោះការចាកចេញរបស់ខ្សែបម្រើជប៉ុន Yudai Ogawa

លោក Oriol Mohedano Segura គ្រូបង្វឹកអង្គរថាយហ្គឺរបានលើកឡើងថា លោកមានភាពរីករាយ និងមោទនភាពចំពោះការចាកចេញរបស់ Yudai Ogawa ព្រោះវាបានបង្ហាញពីវឌ្ឍនភាពរបស់កីឡាករ និងជាគម្រូដ៏ល្អមួយ ឲ្យអ្នកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ព្យាយាមធ្វើតាមដោយប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ដើម្បីចាប់យកឱកាសខ្ពស់ជាងបច្ចុប្បន្ន។


«ការចាកចេញរបស់ Yudai ជាឧទាហរណ៍ដ៏ល្អអំពីអនាគត និងឱកាសឈានទៅកម្រិតមួយទៀត របស់កីឡាករឆ្នើមៗ ដែលពួកគេអាចទទួលបានក្នុងអាជីព។ Yudai សម្រេចចិត្តថានេះជាការបោះជំហានដ៏ល្អបំផុតសម្រាប់គេ ហើយខ្ញុំអាចត្រឹមតែជូនពរឲ្យគាត់មានអនាគតល្អប្រសើរ ដូចដែលនៅជាមួយពួកយើងដែរ។ ងាកទៅក្រុមទាំងមូលវិញ យើងបានត្រៀមរួចរាល់ហើយ សម្រាប់ការប្រកួតប្រជែងក្នុងជើងទី២ ហើយក៏កំពុងញាប់ដៃញាប់ជើងរកកីឡាករមកបំពេញបន្ថែមដែរ»។


បន្ថែមលើនេះ គ្រូជនជាតិអេស្ប៉ាញដដែលបញ្ជាក់ថា ក្លិបកំពុងស្រាវជ្រាវ និងពិចារណាយ៉ាងហ្មត់ចត់ ក្នុងការជ្រើសយកកីឡាករថ្មី ដើម្បីប្រាកដថាពួកគេមានសមត្ថភាពល្អ ដូចដែលក្លិបបានជ្រើសយក Joichiro, Timothy, Yudai, Alexis និង Ryota ក៏ដូចជាកីឡាករមុនៗផ្សេងទៀត។ លោក Oriol បង្ហើបថា ក្នុងសប្ដាហ៍នេះ ក្លិបនឹងបង្ហាញកីឡាករបរទេសថ្មីទៅកាន់អ្នកគាំទ្រ។


គួរដឹងដែរថា ខ្សែបម្រើជំនាញទាត់បាល់ហ្វ្រ៊ីឃីក Yudai Ogawa បានចូលរួមជាមួយអង្គរថាយហ្គឺរនៅជុំទី១ រដូវកាល២០១៩នេះ ក្រោយចំណាយពេលមួយឆ្នាំជាមួយក្រសួងការពារជាតិ។ បើតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គរថាយហ្គឺរ Yudai នឹងបន្តដំណើររបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប៕

អត្ថបទ៖ CNCC