គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

កីឡាករបរទេស៤រូប និងខ្មែរម្នាក់ជាប់ពិន័យមិនអាចចូលលេង MCL សប្ដាហ៍នេះ

Sugiyama Joichiro របស់អង្គរថាយហ្គឺរ, ខ្សែបម្រើព្រះខ័នរាជស្វាយរៀង Marchell Charles Williams, ខ្សែបម្រើវិសាខា Pak Song Chol, ខ្សែការពារវិសាខា Nikolov Luben និងអ្នកចាំទីអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាក់ មុន្នីភិរុណ សុទ្ធតែត្រូវអនុវត្តពិន័យម្នាក់មួយប្រកួតសម្រាប់ក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី១៤។


កីឡាករជប៉ុន Joichiro ទទួលបានកាតលឿង៣សន្លឹក ពេលប៉ះយុវជនបាទី, ព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា ធ្វើឲ្យគេមិនអាចចូលលេងពេលជួបជាមួយក្រសួងការពារជាតិ នៅថ្ងៃសៅរ៍ ទី០៦ ខែកក្កដា នៅកីឡដ្ឋានខេត្តសៀមរាប។


ចំពោះ Marchell ក៏ជួបករណីដូចគ្នា គឺពេលប៉ះគិរីវង់សុខសែនជ័យ,អាស៊ីអឺរ៉ុបយូណាយធីត និងណាហ្គាវើលដ៍ ដូច្នេះគេមិនអាចចូលលេងបានទេពេលប្រកួតជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា។


ចំណែកករណី Pak Song Chol បានកាតលឿង៣សន្លឹកពេលវិសាខាប្រកួតជាមួយអង្គរថាយហ្គឺរ, បឹងកេត និងអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយរូបគេត្រូវនៅក្រៅទីលានពេលប៉ះម្ចាស់ផ្ទះសូលទីឡូអង្គរ នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា។


កីឡាករបានកាតលឿងចំនួន៣សន្លឹកម្នាក់ទៀត គឺ Nikolov Luben របស់វិសាខាដដែល ដោយកើតឡើងពេលជួបសាលាបាល់ទាត់ជាតិបាទី, អាស៊ីអឺរ៉ុបយូណាយធីត និងណាហ្គាវើលដ៍ ដូច្នេះគេត្រូវអវត្តមានពេលសូលទីឡូអង្គរដូចគ្នា។


ដោយឡែកអ្នកចាំទី ប្រាក់ មុន្នីភិរុណ ទទួលបានកាតក្រហមពេលអគ្គស្នងការដ្ឋាននគរបាលជាតិជួបជាមួយវិសាខា កាលថ្ងៃអាទិត្យ ទី៣០ ខែមិថុនា កន្លងទៅ។សម្រាប់ការអនុវត្តពិន័យគឺធ្វើឡើងក្នុងការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា៕

អត្ថបទ៖​ CNCC