គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Torres ៖ ខ្ញុំចូលអង្គរថាយហ្គឺរ ព្រោះចង់ប្រកបអាជីពនៅអាស៊ី

Fernando Cozar Torres សារភាពថា មូលហេតុចូលរួមជាមួយអង្គរថាយហ្គឺរ ព្រោះបានដឹងពីភាពរីកចម្រើនរបស់ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាប និងមានបំណងចង់ប្រកបអាជីពនៅទ្វីបអាស៊ីដូចគ្នា។


ខ្សែបម្រើចំណូលថ្មីខាងលើថ្លែងដូចខាងលើក្រោយបង្ហាញខ្លួនជាសមាជិកថ្មីផ្លូវការនៅក្រុមរបស់ប្រធានក្លិប Akihiro Kato នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ហើយថា បន្ទាប់ពីចំណាយពេល៣ថ្ងៃនៅសៀមរាប គេមានអារម្មណ៍ល្អ និងចង់បង្ហាញខ្លួនខ្លាំងមែនទែន។


កីឡាករវ័យ២៨ឆ្នាំរៀបរាប់បែបនេះ ៖” “ខ្ញុំសម្រេចចិត្តចូលរួមជាមួយអង្គរថាយហ្គឺរ ពីព្រោះតាំងពីយូរមកហើយ ខ្ញុំចង់ប្រកបអាជីពបាល់ទាត់នៅក្នុងទ្វីបអាស៊ី ហើយខ្ញុំបានដឹងថា អង្គរថាយហ្គឺរ កំពុងតែរីកចម្រើននៅក្នុងពេលបច្ចុប្បន្ន ហើយកំពុងឈរក្នុងលេខរៀងដ៏ល្អថែមទៀតផង ដើម្បីព្យាយាមឈ្នះពានរង្វាន់មួយនេះ។ បន្ទាប់ពី៣ថ្ងៃនៅទីនេះ ខ្ញុំមានអារម្មណ៍ល្អ ហើយពិតជាចង់លេងខ្លាំងមែនទែន។ ខ្ញុំពិតចង់ឈ្នះពាន និងឡើងទៅលេងពានរង្វាន់ AFC ជាមួយអង្គរថាយហ្គឺរ និងជួយដល់ក្លិបនូវអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន។”


គួរបញ្ជាក់ថា កីឡាករមានឈ្មោះហៅកាត់ថា Nando ចូលបង្គ្រប់កូតាបរទេសទី៥ ជំនួសកន្លែងរបស់ខ្សែបម្រើជប៉ុន Yudai Ogawa ដែលសម្រេចចិត្តបញ្ចប់កិច្ចសន្យាពីអង្គរថាយហ្គឺរ ក្រោយចប់ជុំទីមួយថ្មីៗនេះដើម្បីទៅធ្វើតេស្ដសមត្ថភាពនៅអឺរ៉ុប។ គួរដឹងដែរថា Fernando Cozar Torres  មានវ័យ២៨ឆ្នាំ កម្ពស់ ១,៨៨ cm កើតនៅទីក្រុង Cádiz ប្រទេស អេស្ប៉ាញ៕

ខាងក្រោមជាក្លិបដែលរូបគេធ្លាប់ប្រកបអាជីព ៖

•  Cádiz CF B (អេស្ប៉ាញ)
•  Real Betis B.  Spain (អេស្ប៉ាញ)
•  UD Los Barrios (អេស្ប៉ាញ)
•  Chiclana CF (អេស្ប៉ាញ)
•  Arcos CF (អេស្ប៉ាញ)
•  UD Los Barrios (អេស្ប៉ាញ)
•  FC Legirus Inter (អេស្ប៉ាញ)
•  Kokkolan Pallo-Veikot  (ហ្វាំងឡង់)
•  Helsinki IFK (ហ្វាំងឡង់)

អត្ថបទ៖ CNCC