គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

មូលហេតុសំខាន់ៗភ្នំពេញក្រោនផ្ទេរយក Booysen ជាថ្មី

សក្តានុពល បូករួមទាំងបទពិសោធនៅក្របខណ្ឌ Metfone Cambodian League និងគោលបំណងសម្រួចតំបន់ប្រយុទ្ធ គឺជាមូលហេតុចម្បងដែលភ្នំពេញក្រោនសម្រេចចិត្តជ្រើសរើស Shane Booysen ត្រលប់ទៅកាន់កីឡដ្ឋាន RSN ម្ដងទៀតនាពេលថ្មីៗ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក កែវ សុខង៉ន ដែលជាអ្នកចាត់ការក្រុម។


អ្នកចាត់ការក្រុមជាអតីតខ្សែប្រយុទ្ធឆ្នើមដដែលបន្ថែមថា កីឡាករជនជាតិអាហ្វ្រិកខាងត្បូងខាងលើតែងតែបង្ហាញភាពជាគម្រូដល់មិត្តរួមនៅទីលាន ហើយភាពជោគជ័យអំឡុងការលេងលើកដំបូងពីឆ្នាំ២០១៥ដល់២០១៧ ក៏ជះឥទ្ធិពលលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំដែរ។


លោក កែវ សុខង៉ន ពន្យល់បែបនេះ ៖”ដោយសារជាចម្បងយើងឃើញសក្ដានុពលរបស់ Booysen ដែលអាចជួយក្រុមយើង ទោះបីគាត់ធ្លាប់មានបញ្ហារបួស។ យើងចង់បង្កើនជម្រើសប្រយុទ្ធរបស់យើងឲ្យកាន់តែច្រើន ព្រោះឥឡូវយើងមានតែ Paulo ហើយ Booysen ក៏មានភាពវៃឆ្លាត និងបទពិសោធនៅ MCL ជោកជាំដែរ ហើយភាពជោគជ័យ និងសមត្ថភាពរបស់គាត់ធ្វើឲ្យយើងសម្រេចចិត្តនាំគាត់មកវិញម្ដងទៀត។ Booysen ក៏ជាកីឡាករបង្ហាញឥទ្ធិពលលើទីលាន, ណែនាំក្មេងៗ ឲ្យចេះគោរពគ្នាទៅវិញ ហើយគាត់តែងតែជួយភ្នំពេញក្រោនជានិច្ចកាលខ្ញុំនៅជាដៃគូប្រយុទ្ធជាមួយគ្នា”។


គួររំឭកថា Shane Booysen បានលើកពាន Metfone Cambodian League ជាមួយភ្នំពេញក្រោននៅរដូវកាល២០១៥ មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទីមួយ ឆ្នាំ២០១៨។ គេក៏បន្តលេងឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិនៅជុំទីមួយ រដូវកាល២០១៩៕

អត្ថបទ៖​ CNCC